ការនាំចេញគ្រឿងសម្អាងរបស់កូរ៉េខាងត្បូង ហក់ឡើងដល់ជាង ១០ពាន់លានដុល្លារ ជាលើកដំបូង

អន្តរជាតិ

ការនាំចេញផលិតផលថែរក្សាសម្រស់របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា ឈានដល់ចំនួន ១០,២ពាន់លានដុល្លារ ជាលើកដំបូង ក្នុងឆ្នាំ២០២៤ ពោលគឺបានកើនឡើង ២១% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុក The Korean Herald បានបង្ហាញឲ្យដឹងថា ការនាំចេញគ្រឿងសម្អាងរបស់កូរ៉េ បានផ្តល់ចំណូលខ្ទង់ពាន់លានដុល្លារជាប់លាប់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការធ្លាក់ចុះ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ក៏ដោយ។

គួរឲ្យដឹងផងដែរថា កម្រិតកំណត់ត្រានាំចេញគ្រឿងសម្អាងខ្ពស់បំផុតមិនធ្លាប់មានពីមុនរបស់កូរ៉េខាងត្បូង មានចំនួន ៩,២ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រាទុកនៅក្នុងឆ្នាំ២០២១។

ផលិតផលថែរក្សាស្បែក នាំមុខគេចំពោះការនាំចេញនេះ ជាមួយប្រាក់ចំណូលសរុបចំនួន ៧,៦៧ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺផលិតផលគ្រឿងសម្អាងមានតម្លៃ ១,៣៥ពាន់លានដុល្លារ និងផលិតផលលាងសម្អាតមានតម្លៃ ៤៧០លានដុល្លារ។

ជម្រាបជូនផងដែរថា ចិននៅតែជាប្រទេសនាំចូលគ្រឿងសម្អាងពីកូរ៉េធំជាងគេដែលមានតម្លៃ ២,៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹងមួយភាគបួននៃការនាំចេញសរុប ខណ:តាមពីក្រោយដោយសហរដ្ឋអាមេរិក និងជប៉ុន។

ប្រទេស​នាំ​ចូល​គួរ​ឱ្យ​កត់​សម្គាល់​ផ្សេង​ទៀត​រួម​មាន ហុងកុង វៀតណាម រុស្សី និង​តៃវ៉ាន់ ខណៈ​​អារ៉ាប់រួម បានដណ្តើមតំណែងពីប្រទេស​ម៉ាឡេស៊ី​ ក្នុង​ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងនាមជាប្រទេសនាំចូលគ្រឿងសម្អាងពីកូរ៉េខាងត្បូងច្រើនជាងគេ៕