Microsoft ប្រកាសការវិនិយោគ ៣ពាន់លានដុល្លារលើបច្ចេកវិទ្យ AI នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រកាសកាលពីថ្ងៃ៧ ខែមករាកន្លងទៅថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានក្លាយទៅជាទីតាំងប្រកួតប្រជែងបច្ចេកវិទ្យា AI ដ៏សំខាន់មួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកជាច្រើន ស្វែងរកអ្នកប្រើប្រាស់ថ្មី សម្រាប់សេវាកម្មរបស់ពួកគេ និងចូលទៅទីផ្សារដែល​សម្បូរ​ទៅដោយធនធាន និងទេពកោសល្យ។

ទន្ទឹមនឹងនេះ លោក Nadella បាននិយាយថាផែនការវិនិយោគ ៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌានេះ នឹងរួមបញ្ចូលការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីៗនៅទីនោះផងដែរ។

លោក Nadella បានសង្កត់ធ្ងន់ទៀតថា ឥណ្ឌាកំពុងក្លាយជាអ្នកដឹកនាំយ៉ាងឆាប់រហ័សក្នុងការច្នៃប្រឌិត AI ជាមួយនឹងបើកឱកាសថ្មីៗជាច្រើននៅទូទាំងប្រទេស។

“ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងជំនាញដែលយើងកំពុងប្រកាសនៅថ្ងៃនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាបជ្ឈមណ្ឌល AI ជាលើកដំបូង ហើយនឹងជួយធានាឲ្យប្រជាជន និងអង្គការនានាទូទាំងប្រទេស ទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Nadella ។

ជម្រាបជូនផងដែរថា ការប្រកាសនេះបានកើតឡើងតិចជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថាក្រុមហ៊ុនរបស់ខ្លួន កំពុងបោះទុនលើការវិនិយោគទឹកប្រាក់ចំនួន ៨០ពាន់លានដុល្លារ ក្នុងបច្ចេកវិទ្យា AI នៅឆ្នាំសារពើពន្ធនេះ៕