ការនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិក ពីប្រទេសកាណាដាបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីសប្តាហ៍មុន ខណៈពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ កំពុងបន្តគំរាមដាក់ពន្ធថ្មីបន្ថែមលើប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមទន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បាននិយាយកាលពីថ្ងៃទី៨ ខែមករាថា បរិមាណប្រេងឆៅដែលអាមេរិកនាំចូលពីប្រទេសកាណាដា មានចំនួនសរុប ៤,៤២ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងចំនួន ៦៨៩ ០០០ បារ៉ែល ដោយវាជាកម្រិតខ្ពស់បំផុតនៃការទិញចូលប្រេងរបស់អាមេរិក ពីប្រទេសជិតខាងមួយនេះ។
តួលេខនេះត្រូវបានចេញផ្សាយនៅចំពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានគំរាមប្រើ “កម្លាំងសេដ្ឋកិច្ច” ដើម្បីដាក់បញ្ចូលកាណាដា ជាផ្នែកមួយនៃរដ្ឋថ្មីរបស់អាមេរិក។ លោក ត្រាំ ក៏បានប្រកាសពីពេលមុនផងដែរថា លោកនឹងយកពន្ធនាំចូល ២៥% លើទំនិញរបស់ម៉ិកស៊ិក និងកាណាដាភ្លាមៗ បន្ទាប់ពីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកាណាដាដែលមានចំនួន ៧៦% នៃការនាំចេញ និង ៦៤% នៃការនាំចូលរបស់ខ្លួន។ ប្រទេសកាណាដា ក៏ជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ផងដែរ។ ក្នុងឆ្នាំ២០២៣ ៦០% នៃការនាំចូលប្រេងឆៅសរុបមកកាន់ទឹកដីសហរដ្ឋអាមេរិក គឺបានមកពីប្រទេសកាណាដា។
មិនតែប៉ុណ្ណោះ បើតាមអ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យ Kpler បាននិយាយថា មូលហេតុចម្បងជុំវិញការកើនឡើងនៃការនាំចូលប្រេងឆៅពីកាណាដា មកកាន់អាមេរិកនេះ ក៏អាចបណ្តាលមកពីការកើនឡើងនៃផលិតកម្មនៅក្នុងប្រទេសកាណាដា ខណ:ការស្តុកប្រេងរបស់ប្រទេសនេះកំពុងហក់ឡើងខ្ពស់វិញ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ នៅក្នុងខែតុលា ឆ្នាំ២០២៤៕