បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមផ្នែកឯកជនមួយ បង្ហាញឲ្យដឹងថា បំណុលគ្រួសាររបស់ប្រទេសថៃ រួមទាំងប្រាក់កម្ចីក្រៅផ្លូវការ បានឈានដល់ ១០៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានគេរំពឹងថានឹងដាក់សម្ពាធបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
តាមរយ:ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Chulalongkorn ដែលត្រូវបានចាត់តាំងដោយគណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បង្ហាញថាសមាមាត្របំណុលគ្រួសារធៀបទៅនឹងទំហំ GDP បានឈានដល់ ១០៤% គិតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ។
ការគណនានេះបានរួមមានទាំងប្រាក់កម្ចីក្រៅផ្លូវការ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិផ្លូវការដែលចេញផ្សាយដោយធនាគារកណ្តាលរបស់ថៃ ខណ:ពេលកន្លងមកស្ថាប័នហិរញ្ញវត្ថុនេះ បានបង្ហាញថាបំណុលគ្រួសារមានប្រហែល ៩០% នៃផលិតផលក្នុងស្រុកសរុប។
យោងតាមប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា ជាមធ្យម បំណុលក្រៅផ្លូវការក្នុងមួយគ្រួសារមានចំនួន ៩៨ ៥៣៨បាត ឬស្មើនឹងប្រហែល ២ ៨៥០ដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគាថៃ បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ JSCCIB កាលពីថ្ងៃពុធថា ៤០% នៃគ្រួសាររបស់ពលរដ្ឋថៃមានជាប់បំណុលក្រៅផ្លូវការ ទាំងម្ចាស់បំណុល ឬអ្នកខ្ចី។ បើតាមលោក Kobsak បានសង្កត់ធ្ងន់ទៀតថា កម្រិតបំណុលគ្រួសារខ្ពស់ អាចបង្កជាបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ចរបស់ថៃ។
តែទោះជាយ៉ាងណាក៏ដោយ បំណុលក្រៅផ្លូវការ មានសារៈសំខាន់ណាស់ក្នុងការជួយដល់សន្ទនីយភាពនៃគ្រួសារ ដោយបម្រើជាប្រភពមូលនិធិសម្រាប់រ៉ាប់រងទាំងការចំណាយលើការរស់នៅប្រចាំថ្ងៃ សកម្មភាពអាជីវកម្ម និងជួយគ្រួសារគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុណាមួយ។
យោងតាមការសិក្សាដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ប្រហែល ៣០% នៃគ្រួសាររបស់ថៃដែលទទួលបានប្រាក់ចំណូលពីសេដ្ឋកិច្ចផ្លូវការក៏ពឹងផ្អែកលើបំណុលក្រៅផ្លូវការផងដែរ ដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគ៕