ទំហំខាតបង់សេដ្ឋកិច្ចក្នុងមហន្តរាយភ្លើងឆេះព្រៃនៅ Los Angeles អាចបន្តកើនឡើងដល់ ១៥០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមក្រុមហ៊ុនវិភាគ JP Morgan បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់ការខាតបង់ចំពោះការធានារ៉ាប់រង ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles រដ្ឋ Californiaដល់ចំនួន ២០ពាន់លានដុល្លារ ខណៈពេលដែលស្ថាប័ន AccuWeather ក៏បានប៉ាន់ប្រមាណថា ការខូចខាតសេដ្ឋកិច្ចសរុប អាចបន្តកើនឡើងដល់ចន្លោះពី ១៣០-១៥០ពាន់លានដុល្លារ ផងដែរ។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន The Washington Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះមក ភ្លើងឆេះព្រៃនៅតំបន់ធំៗដូចជា Pacific Palisades, Eaton និង Hurst រួមជាមួយនឹងភ្លើងឆេះតូចៗជាច្រើនកន្លែងផ្សេងទៀត បានគ្របដណ្តប់លើផ្ទៃដីសរុបជាង ១១ ៦០០ ហិកតា ដោយបណ្តាលឲ្យមានការខូចខាត ឬឆេះទាំងស្រុងនូវរចនាសម្ព័ន្ធជាង ១០ ០០០ និងបង្ខំឲ្យមានការជម្លៀសចេញនៃមនុស្សជាង ១៨០ ០០០ នាក់ដែលរស់នៅក្នុងទីក្រុង Los Angeles ទៅកាន់ទីតាំងមាន​សុវត្ថិភាព​។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពណ៌នាថា នេះជា គ្រោះមហន្តរាយភ្លើងឆេះព្រៃដែលរីករាលដាលលឿនបំផុត និងបំផ្លិចបំផ្លាញខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ California ខណ:ក្រុមអ្នកវិភាគនៅតែបន្តវាយតម្លៃចំពោះផលប៉ះពាល់ហិរញ្ញវត្ថុនៃគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយនេះ។

ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ អង្គការ និងស្ថាប័នជាច្រើន បានលើកឡើងពីការប៉ាន់ស្មានរបស់ពួកគេខុសៗគ្នា អំពីទំហំនៃការខូចខាតបណ្តាលមកពីភ្លើងឆេះព្រៃដែលកំពុងបន្តរីករាលដាលកាន់តែខ្លាំង។ កាលពីថ្ងៃទី១០ ខែមករា ក្រុមហ៊ុន JP Morgan បានបង្កើនការព្យាកររបស់ខ្លួនទ្វេដងសម្រាប់ការខាតបង់ធានារ៉ាប់រង ដែលអាចឈានដល់ចំនួន ២០ពាន់លានដុល្លារ ស្របពេលស្ថាប័ន Wells Fargo ក៏បានផ្តល់តួលេខស្រដៀងគ្នានេះផងដែរ ដោយព្រមានថាការខាតបង់សេដ្ឋកិច្ចសរុបពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ អាចលើសពី ៦០ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកព្យាករអាកាសធាតុឯកជន AccuWeather បានបង្ហាញពីការប៉ាន់ប្រមាណរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ការខាតបង់សេដ្ឋកិច្ចសរុប អាចបន្តកើនឡើងចន្លោះពី ១៣៥ ទៅ ១៥០ពាន់លានដុល្លារ ដែលជាសញ្ញាមួយបង្ហាញពីការស្តារឡើងវិញដ៏លំបាក និងការកើនឡើងខ្ពស់នៃបុព្វលាភធានារ៉ាប់រងរបស់ម្ចាស់ផ្ទះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ Moody’s Ratings បាននិយាយទៀតថា ៖”វានឹងអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ ដើម្បីកំណត់ពីទំហំនៃការខាតបង់ដែលមានចំពោះការធានារ៉ាប់រង ដោយសារគ្រោះមហន្តរាយនេះ។ តែទោះជាយ៉ាងណាក៏ដោយ ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles អាចមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ California ” ។

ជម្រាបជូនថា Pacific Palisades គឺជាសង្កាត់មួយក្នុងចំនោមសង្កាត់ដែលមានតម្លៃអចលនទ្រព្យថ្លៃបំផុត នៅក្នុងសហរដ្ឋអាមេរិក ខណ:ទីនោះក៏ជាបណ្តុំទៅដោយផ្ទះរបស់តារា Hollywood ជាច្រើន និងវិមានដែលមានតម្លៃដល់ទៅរាប់លានដុល្លារ។ បន្ទាប់​ពី​ភ្លើង​ឆេះ​ក្នុង​សប្តាហ៍​នេះ តម្លៃ​ធានា​រ៉ាប់រង​នៅ​ទីនោះ​អាច​បន្តកើនឡើង​ថ្លៃបន្ថែមទៀត៕