យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាពលរដ្ឋមីយ៉ាន់ម៉ា ជាប់នៅក្នុងចំណោត់ថ្នាក់លេខ២ បន្ទាប់ពីជនជាតិចិន ដែលទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ សម្រាប់រយ:ពេល ៩ខែដំបូង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield Thailand បាននិយាយថា ការលក់ខុនដូរបស់ថៃ ទៅឲ្យអ្នកទិញមីយ៉ាន់ម៉ា បានហក់ឡើងខ្ពស់មកវិញ ក្រោយពីមានការផ្អាកមួយរយៈ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការទិញអចលនទ្រព្យនៅក្រៅប្រទេសរបស់ពលរដ្ឋខ្លួន កាលពីខែមេសាឆ្នាំមុន។
ទន្ទឹមនឹងនេះ យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ប្រទេសថៃ (REIC) បានបង្ហាញឲ្យដឹងទៀតថា ចំនួនខុនដូដែលបានលក់ទៅឲ្យអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងរយ:ពេល ៩ខែឆ្នាំមុន បានកើនឡើងដល់ ១ ០៥០ យូនីត នៅក្នុងតម្លៃសរុប ៥,៤៦ពាន់លានបាត (២៥៧,៧លានដុល្លារ) ពោលគឺបានកើនឡើងពីចំនួន ៣៤៧ យូនីតដែលមានតម្លៃសរុប ២,២៥ពាន់លានបាត ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ខុនដូដែលបានផ្ទេរទៅឲ្យអ្នកទិញពីប្រទេសមីយ៉ាន់ម៉ា មានតម្លៃឯកតាជាមធ្យមខ្ពស់បំផុតទីបី ជាមួយតម្លៃខុនដូមួយយូនីត ៥,២លានបាត បន្ទាប់ពីអ្នកទិញមកពីឥណ្ឌា មានតម្លៃមួយយូនីត ៦,៣លានបាត និងអ្នកទិញនៅសហរដ្ឋអាមេរិក មានតម្លៃ ៥,៣លានបាត។
ក្នុងអំឡុងរយ:ពេលនោះ ចំនួននិងតម្លៃនៃការផ្ទេរខុនដូសរុប ទៅកាន់អ្នកទិញបរទេស នៅទូទាំងប្រទេសថៃ មានចំនួន ១១ ០៣៦ យូនីត ដែលមានតម្លៃសរុប ៥១,៥ពាន់លានបាត ពោលគឺបានកើនឡើង ៣,១% បើធៀបនឹងឆ្នាំ២០២៣។
ជម្រាបជូនផងដែរថា ទីក្រុងបាងកកនៅតែជាគោលដៅកំពូលដែលមានចំនួន និងតម្លៃខុនដូច្រើនជាងគេដែលត្រូវបានផ្ទេរទៅឲ្យអ្នកទិញជាជនជាតិបរទេស មាន ៣៨,៧% នៃចំនួនលក់ខុនដូសរុប តាមពីក្រោយដោយខេត្ត Chon Buri មាន ៣៦%៕