ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២៣៩ ០០០ គ្រឿង នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារតែកាមេរ៉ាមើលខាងក្រោយអាចមិនដំណើរការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញបញ្ហាថ្មីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតទៅលើរថយន្ត Tesla ចំនួន ២,៦ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញរបាយការណ៍នៃការគ្រោះថ្នាក់ដែលកើតឡើងពាក់ព័ន្ធនឹងមុខងារដែលអនុញ្ញាតឲ្យអ្នកបើកបរ ផ្លាស់ទីរថយន្តរបស់ពួកគេ ពីចម្ងាយ។
យ៉ាងណាមិញ ជុំវិញការប្រកាសប្រមូលរថយន្តត្រលប់មកវិញសារនេះ ក្រុមហ៊ុន Tesla បាននិយាយថា ចរន្តមួយចំនួនអាចត្រូវកាត់ផ្តាច់ខណៈពេលកំពុងបញ្ឆេះរថយន្ត ដែលជាលទ្ធផលបណ្តាលឲ្យកាមេរ៉ាមើលក្រោយអាចនឹងមិនដំណើរការ។
Tesla បានបញ្ជាក់ឲ្យដឹងទៀតថា បញ្ហានេះបានកើតឡើង ដោយសារតែការកំណត់រចនាសម្ព័ន្ធផ្នែក Software និង Hardware មិនប្រក្រតីរបស់រថយន្ត ខណ:សីតុណ្ហភាពចុះត្រជាក់ខ្លាំងក៏អាចជាបញ្ហាចម្បងធំមួយផងដែរ។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់រថយន្ត Model 3 និង Model S ដែលផលិតនៅចន្លោះឆ្នាំ២០២៣-២០២៤ និង Model X និង Model Y ដែលផលិតនៅចន្លោះឆ្នាំ២០២៣-២០២៥។
ជម្រាបជូនផងដែរថា គិតមកទល់ពេលនេះ ក្រុមហ៊ុន Tesla បានប្រមូលរថយន្តសរុបចំនួន ៥,១ លានគ្រឿង ត្រលប់មកជួសជុលវិញ ដោយភាគច្រើនកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់ ប៉ុន្តែបញ្ហាទាំងអស់អាចត្រូវបានដោះស្រាយវិញ តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី៕