វៀតណាម ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់អស់ប្រមាណ ៣០០ពាន់លានដុង (១១,៨លានដុល្លារ) លើការនាំចូលផ្លែទុរេន ពីប្រទេសថៃ និងម៉ាឡេស៊ី ក្នុងរយ:ពេល ១១ខែដំបូង កាលពីឆ្នាំ២០២៤ ពោលគឺបានកើនឡើង ៦ដង បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មមាន VN Express។
ក្នុងខែវិច្ឆិកាតែមួយ វៀតណាមបានចំណាយទឹកប្រាក់ ៣លានដុល្លារ លើការនាំចូលទុរេន ដែលកើនឡើង ១១ដងធៀបនឹងពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
គួរឲ្យដឹងថា វៀតណាមបានទិញចូលផ្លែទុរេនតូចៗភាគច្រើន ពីប្រទេសថៃ ដែលជាតម្រូវការខ្ពស់សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម។ ទន្ទឹមនឹងនោះ ទុរេន Frozen Musang King មកពីប្រទេសម៉ាឡេស៊ី ក៏ត្រូវបាននាំចូលមកច្រើនផងដែរ ដោយសារតែវាជាតម្រូវការសំខាន់សម្រាប់ការធ្វើនំ។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា កសិករវៀតណាមប្រឈមមុខនឹងបញ្ហាក្នុងការដាំដុះពូជទុរេន Musang King ដោយសារលក្ខខណ្ឌអាកាសធាតុមិនសមស្រប និងមានដែនកំណត់លើបច្ចេកទេស។ ជាលទ្ធផល ប្រជាជនវៀតណាមភាគច្រើន បានជ្រើសរើសដាំទុរេនប្រភេទផ្សេងទៀតជំនួសវិញ ដើម្បីទទួលបានទិន្នផលកាន់តែប្រសើរ។
ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃការនាំចូល មិនបានគ្របដណ្ដប់លើសមិទ្ធិផលនៃការនាំចេញផ្លែទុរេនរបស់វៀតណាមនោះទេ។ ក្នុងឆ្នាំ២០២៤ ការនាំចេញទុរេនរបស់ប្រទេសនេះ បានឈានដល់ ៣,៣ពាន់លានដុល្លារ ពោលគឺបានកើនឡើងជាង ១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
យោងតាមប្រភពដដែលខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា ទុរេន មានចំនួនជិត ៥០% នៃចំណូលនាំចេញបន្លែផ្លែឈើសរុបរបស់វៀតណាម។
ជម្រាបជូនផងដែរថា វៀតណាមមានបំណងបង្កើនការនាំចេញទុរេនឲ្យដល់ ៣,៥ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ ខណ:វានឹងរួមចំណែកដល់គោលដៅនាំចេញបន្លែផ្លែឈើសរុបចំនួន ៨ពាន់លានដុល្លាររបស់ខ្លួន៕