Toyota គ្រោងប្រឡូកចូលក្នុងវិស័យអវកាស ជាមួយនឹងការវិនិយោគជាង ៤៤លានដុល្លារ ក្នុងការអភិវឌ្ឍរ៉ុក្កែត

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor Corporation ត្រូវបានគេរាយការណ៍ថា នឹងវិនិយោគទឹកប្រាក់ចំនួន ៤៤,៤លានដុល្លារ នៅក្នុងក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីជួយក្រុមហ៊ុនអវកាសឯកជននេះ អភិវឌ្ឍរ៉ុក្កែកដើម្បីបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងផែនដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SpaceDaily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានបង្ហាញពីចេតនារបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងការងាកទៅវិនិយោគលើបច្ចេកវិទ្យាអវកាសជាលើកដំបូង ក្នុងអំឡុងពេលពិព័រណ៍អេឡិចត្រូនិកប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុង Las Vegas កាលពីពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ Toyoda បានប្រាប់អ្នកដែលបានចូលរួមក្នុងពិព័រណ៍អេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយធំៗថា ៖”នៅពេលវេលាមកដល់ អ្វីក៏អាចធ្វើទៅបានដែរ ប្រសិនបើអ្នកចង់សហការធ្វើអ្វីមួយរួមគ្នានោះ។ ហើយបើនិយាយដល់ទីអវកាស យើងក៏កំពុងអភិវឌ្ឍរ៉ុក្កែតផងដែរ”។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Interstellar Technologies ដែលជាដៃគូអវកាសដ៏ធំមួយរបស់ Toyota កំពុងអភិវឌ្ឍរ៉ុក្កែតតូចមួយ ដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណប ទៅកាន់គន្លងតារាវិថី។ ទាំងក្រុមវិស្វករនៅក្នុងក្រុមហ៊ុន Toyota និង Interstellar Technologies នៅរយ:ពេលចុងក្រោយនេះ បានបង្ហាញពី​មហិច្ឆតា​របស់ពួកគេ ក្នុងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ថ្មីមួយដែលមានមូលដ្ឋាននៅលើលំហ ដើម្បីគាំទ្រដល់ Toyota Woven City ដែលជាទីក្រុងគំរូថ្មីមួយ លាតសន្ធឹងលើផ្ទៃដីទំហំ ១៧៥ ហិចតា និងមានទីតាំងនៅជើងភ្នំ Fuji ក្នុងប្រទេសជប៉ុន។

ជម្រាបជូនផងដែរថា Toyota មិនមែនជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ជប៉ុន ដែលមានបំណងក្នុងការបោះទុនវិនិយោគនៅកាន់ទីអវកាសនោះឡើយ ខណ:ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ក៏ធ្លាប់បានបង្កើតរ៉ុក្កែត H3 សម្រាប់ទីភ្នាក់ងារអវកាសជប៉ុន JAXA រួចមកហើយផងដែរ៕