មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos និងគូដណ្តឹង គឺអ្នកនាង Lauren Sanchez ត្រូវបានគេរាយការណ៍ថា នឹងរៀបចំពិធីមង្គលការរបស់ពួកគេ នៅក្នុងប្រទេសអ៊ីតាលី លើនាវាឯកជនមួយឈ្មោះថា Koru ដែលមានតម្លៃដល់ទៅជាង ៥០០លានដុល្លារ របស់ស្ថាបនិកក្រុមហ៊ុន Amazon។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។
ជុំវិញរបាយការណ៍នេះ ត្រូវបានកើតឡើង បន្ទាប់ពីមហាសេដ្ឋី លោក Bezos បានចេញមុខបដិសេធពាក្យចចាមរ៉ាមពីមុនថា ពិធីមង្គលការរបស់ខ្លួនអាចនឹងត្រូវធ្វើឡើងនៅទីក្រុង Aspen រដ្ឋ Colorado ដែលនឹងត្រូវចាយទឹកប្រាក់រៀបចំអស់ប្រមាណជាង ៦០០លានដុល្លារ។
គួរឲ្យដឹងថា លោក Jeff Bezos និងអ្នកនាង Sanchez បានភ្ជាប់ពាក្យ នៅខែឧសភា ឆ្នាំ២០២៣ ក្រោយទាក់ទងគ្នាអស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ បានស្នើសុំមិត្តស្រីរបស់ខ្លួនរៀបការ ជាមួយចិញ្ចៀនដាំពេជ្រទំហំ ២០ ការ៉ាត់ ដែលមានតម្លៃដល់ទៅ ៣,៥លានដុល្លារ។
យ៉ាងណាមិញ ដូចដែលបានរាយការណ៍ដោយកាសែត New York Post ប្រភពមួយចំនួន បានអះអាងថាពិធីមង្គលការដ៏ប្រណីត រវាងលោក Bezos និងគូដណ្តឹង អាចប្រព្រឹត្តទៅនៅប្រទេសក្នុងតំបន់អ៊ឺរ៉ុប អំឡុងនិទាឃរដូវ ឬរដូវក្តៅខាងមុខ ខណ:កម្មវិធីនេះ នឹងរៀបចំធ្វើឡើងនៅលើនាវាឯកជនរបស់លោក Bezos ផ្ទាល់តែម្តង ជាមួយនឹងការចូលរួមពីសំណាក់បុគ្គលមានឥទ្ធិពលជាច្រើនរូប ផងដែរ។
ជម្រាបជូនផងដែរថា យោងតាមសារព័ត៌មាននិយាយពីអ្នកមាន Forbes បានចុះផ្សាយត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថាលោក Jeff Bezos គឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី២នៅលើពិភពលោក ពោលបុរសវ័យ ៦១ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិរហូតដល់ទៅ ២៣៦ពាន់លានដុល្លារ ដោយតាមពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ៕