យោងតាមទីប្រឹក្សាជាន់ខ្ពស់ម្នាក់ បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ នឹងជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗខាងមុខ ហើយភាគីទាំងពីរក៏កំពុងបន្តរៀបចំកិច្ចប្រជុំទល់មុខគ្នាផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
លោក Mike Waltz ដែលត្រូវបានជ្រើសរើសជាទីប្រឹក្សាសន្តិសុខជាតិ ក្រោមរដ្ឋាភិបាលថ្មីរបស់លោក ត្រាំ បាននិយាយកាលពីថ្ងៃទី១២ ខែមករាថា លោក ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចជជែកនិយាយគ្នាតាមទូរស័ព្ទ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខ។
ដោយសំដៅលើលទ្ធភាពនៃជំនួបដោយផ្ទាល់រវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក និងមេដឹកនាំកំពូលរបស់់រុស្ស៊ី លោក Waltz បានបញ្ជាក់បន្ថែមទៀតថា ការត្រៀមលក្ខណៈនៅតែបន្ត ប៉ុន្តែលោកហាក់មិនបានប្រកាសអំពីពេលវេលាជាក់លាក់ណាមួយឡើយនោះ។ លោកបាននិយាយទៀតថា ទស្សនៈរបស់លោក ត្រាំ នៅពេលនេះ គឺថាកិច្ចព្រមព្រៀងណាមួយនឹងមិនអាចកើតឡើងបាននោះឡើយ បើគ្មានទំនាក់ទំនង ឬការសន្ទនាជាមួយភាគីម្ខាងទៀត ហើយកិច្ចពិភាក្សានេះ ពិតជាអាចកើតឡើងបាន នៅក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។
ទន្ទឹមនឹងនេះ នៅពេលត្រូវបានគេសួរថា តើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចនឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរឬអត់ ទីប្រឹក្សារបស់លោក ត្រាំ បាននិយាយថា ទម្រង់នៃកិច្ចប្រជុំនេះមិនអាចកំណត់ទុកបាននោះឡើយ។ លោកបានបន្តថា រដ្ឋាភិបាលអាមេរិក មិនបានកំណត់ក្របខ័ណ្ឌជាក់លាក់នោះទេ ប៉ុន្តែកំពុងធ្វើការលើរឿងទាំងនេះហើយ។
ទាក់ទងនឹងស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លោក Waltz បានបង្ហាញពីបំណងចង់ឲ្យរដ្ឋាភីបាលទីក្រុងម៉ូស្គូ និងទីក្រុងគៀវ បង្កើតបទឈប់បាញ់ “នៅពេលណាក៏បាន” ដោយនិយាយថា នេះជាជំហានដំបូងដ៏វិជ្ជមានបំផុតសម្រាប់ភាគីទាំងសងខាង ហើយនឹងជួយជំរុញដល់ការចរចារសម្រាប់ដំណោះស្រាយដោយសន្តិវិធី។
ជម្រាបជូនថា លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី២០ ខែមករា បាននិយាយម្តងហើយម្តងទៀតថា លោកអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន “ក្នុងរយៈពេល ២៤ម៉ោង” បន្ទាប់ពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានវិញ ប៉ុន្តែមិនបានផ្តល់នូវដំណោះស្រាយជាក់លាក់ណាមួយនោះឡើយ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមករា លោកបានថ្លែងថា នឹងកំណត់ពេលវេលាតិចជាងប្រាំមួយខែ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ៕