នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើឲ្យល្បែងស៊ីសង និងកាស៊ីណូ មានភាពស្របច្បាប់ ខណ:នេះជាវិធានការចុងក្រោយមួយក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ការងារ និងការវិនិយោគបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
នៅក្រោមផែនការរបស់រដ្ឋាភិបាល ជុំវិញសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវបញ្ជូនទៅសភាដើម្បីពិចារណា ដើម្បីដាក់ឲ្យការលេងល្បែងស៊ីសង ប្រព្រឹត្តឡើង នៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំៗ នៅប្រទេសថៃ។
គួរឲ្យដឹងថាកាស៊ីណូ និងទម្រង់នៃការលេងល្បែងស៊ីសងភាគច្រើន គឺខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែការភ្នាល់បាល់ទាត់ ឆ្នោត និងសកម្មភាពល្បែងស៊ីសងជាច្រើនទៀត នៅតែរីករាលដាលពាសពេញប្រទេស។ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះ និងឆ្នោតផ្សងសំណាងផ្លូវការ ដែលគ្រប់គ្រងដោយរដ្ឋ។
ជម្រាបជូនថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ស្របពេលរដ្ឋាភិបាលថៃ កំពុងព្យាករចំនួនភ្ញៀវទេសចរណ៍ដែលអាចកើនឡើងដល់ចំនួនកំណត់ត្រា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា ជុំវិញវិធានការចុងក្រោយនេះ អាចមើលឃើញថា ចំនួនភ្ញៀវបរទេស នឹងកើនឡើងចន្លោះពី ៥% ទៅ ១០% ហើយប្រាក់ចំណូលពីទេសចរណ៍ អាចកើនឡើងប្រហែលពី ១២០ពាន់លានបាត ដល់ ២២០ពាន់លានបាត។ លោកបានបន្ថែមថា ការងារថ្មីៗ ក៏អាចកើនឡើងប្រហែលពី ៩ ០០០ ទៅ ១៥ ០០០ ផងដែរ៕