គ្រួសារមហាសេដ្ឋីថៃ ទាមទារសំណងជិត ៣ពាន់លានដុល្លារ ជុំវិញការធ្លាក់​ឧទ្ធម្ភាគចក្រ​អតីតម្ចាស់ក្លិប Leicester

អន្តរជាតិ

ក្រុមគ្រួសារអ្នកជំនួញថៃដ៏ល្បីឈ្មោះ ត្រកូល Srivaddhanaprabha កាលពីពេលថ្មីៗនេះ បានធ្វើការទាមទារសំណងផ្លូវច្បាប់ជាទឹកប្រាក់ចំនួន ២,១៥ពាន់លានផោន (២,៦៥ពាន់លានដុល្លារ) ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ការពារជាតិអ៊ីតាលី Leonardo ទៅកាន់តុលាការទីក្រុងឡុងដ៏ ជុំវិញហេតុការណ៍ធ្លាក់ឧទ្ធម្ភាចក្រដែលបានឆក់យកជីវិតលោក Vichai Srivaddhanaprabha អតីតម្ចាស់ក្លិបបាល់ទាត់អង់គ្លេស Leicester City កាលពីឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមគ្រួសាររបស់លោក Vichai អតីតម្ចាស់ក្លិបបាល់ទាត់ Leicester City នៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពដែលទាមទារប្រាក់សំណងនេះ គឺធ្វើឡើងដោយផ្អែកលើការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងទៀត ខណៈក្រុមហ៊ុនច្បាប់ Stewarts ដែលតំណាងឲ្យក្រុមគ្រួសារម្ចាស់ក្លិប បាននិយាយថា នេះជាការទាមទារសំណងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់អង់គ្លេស ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងបណ្តឹងទា​មទារសំណងនេះ ភាគីខាងក្រុមហ៊ុន Leonardo បាននិយាយថា ខ្លួននឹងការពារខ្លួនប្រឆាំងនឹងការទាមទាររបស់តុលាការជាន់ខ្ពស់ ហើយកំពុងពិចារណាជាមួយទីប្រឹក្សាផ្នែកច្បាប់ និងអ្នកធានា។ ក្រុមហ៊ុន ក៏បានបង្ហាញពីការសោកស្តាយ សម្រាប់ជនរងគ្រោះទាំងអស់នៃឧបទ្ទវហេតុនេះ ដោយនិយាយថាវាគឺជាសោកនាដកម្មដែលមិនអាចប្រកែកបាន។

រម្លឹកផងដែរថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅក្រោយពេលប្រហែល ១ម៉ោង បន្ទាប់ពីការប្រកួតក្នុងដីខ្លួនឯង រវាងក្រុមម្ចាស់ផ្ទះ Leicester City ជាមួយក្រុម West Ham United នៅពេលដែលឧទ្ធម្ភាចក្ររបស់លោក Vichai ហោះចេញពីកីឡដ្ឋាន King Power ហើយបានធ្លាក់វិញភ្លាមៗ ដែលបណ្តាលឲ្យម្ចាស់ក្លិប រួមជាមួយអ្នករួមដំណើរ ៤នាក់ផ្សេងទៀត បាត់បង់ជីវិត។

ជម្រាបជូនថា លោក Vichai Srivaddhanaprabha គឺជាអ្នកជំនួញជនជាតិថៃដ៏ល្បី និងជាស្ថាបនិក ម្ចាស់ ក៏ដូចជាប្រធានក្រុមហ៊ុន King Power។ លោកបានទិញយកក្លិប Leicester City ដំបូងនៅក្នុងឆ្នាំ ២០១០៕