វៀតណាម វ៉ាដាច់ជប៉ុន ក្លាយជាដៃគូនាំចូលទំនិញធំបំផុតទីបីរបស់ប្រទេសចិន ជាលើកដំបូង

អន្តរជាតិ

វៀតណាម បានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាទិសដៅនាំចេញទំនិញធំជាងគេបំផុតទីបីរបស់ប្រទេសចិន ជាលើកដំបូង ចំពេលផែនការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បង្ខំឲ្យបណ្តាក្រុមហ៊ុនធំៗចាំបាច់ត្រូវស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ជាពិសេសសម្រាប់សមាសធាតុរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ ទី១៣ ខែមករាកន្លងទៅ បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ចិន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ បានកើនឡើងជិត ១៨% ដល់ចំនួនទឹកប្រាក់ ១៦២ពាន់លានដុល្លារ ពោលគឺលើសការនាំចញទៅកាន់ប្រទេសជប៉ុនដែលមានចំនួនទឹកប្រាក់ ១៥២ពាន់លានដុល្លារ និងធ្លាប់ជាទីផ្សារធំបំផុតទីបីសម្រាប់ការនាំចេញទំនិញរបស់ចិន។

ជុំវិញកំណើនដ៏ខ្ពស់នេះ ភាគច្រើនត្រូវបានជំរុញដោយសារតែការកើនឡើងនៃការនាំចេញគ្រឿងបន្លាស់ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យរបស់ចិន បានបង្ហាញឲ្យដឹងទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាសធាតុអេឡិចត្រូនិច រួមមាន ម៉ូឌុលអេក្រង់ និងអង្គចងចាំកុំព្យូទ័រ ត្រូវបាននាំចេញច្រើនបំផុត ទៅកាន់ប្រទេសវៀតណាម។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចឈានមុខគេដូចជា Samsung Electronics , Luxshare Precision Industry និង Hon Hai Precision Industry បានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រមូលផ្តុំផលិតផលសម្រេច ដូចជា AirPods និង MacBooks ជាដើម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hon Hai ក៏បានចាប់ផ្តើមបង្កើតកាតក្រាហ្វិក AI របស់ Nvidia តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ផងដែរ ជាមួយនឹងការទិញចូលវត្ថុធាតុដើមមួយចំនួនដែលមានប្រភពមកពីប្រទេសចិន។ នេះបើយោងតាមទិន្នន័យទទួលបានពីស្ថាប័ន NBD៕