ទីបំផុត ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោយគេចវេសដីកាតុលាការជាច្រើនលើក

អន្តរជាតិ

យោងតាមក្រុមស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងងនៅថ្ងៃពុធ ទី១៥ ខែមករានេះថា ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីព្យាយាមគេចវេសពីដីកាតុលាការជាច្រើនលើក ក្នុងការចូលខ្លួនសារភាពទោសជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yoon ដែលត្រូវបានចោទប្រកាន់ ពីបទបះបោរជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ខ្លួនកាលពីខែមុន បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលត្រូវបានចាប់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon បានបញ្ជាក់ថា មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះ ជាលើកទី២។

បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​អស់ពេលប៉ុន្មាន​ម៉ោង​ក្រោយមក អាជ្ញាធរ​បាន​ប្រកាស​ថា លោក Yoon ត្រូវ​បាន​ចាប់​ខ្លួន ហើយ​មេដឹកនាំ​ដែល​រង​ការ​ចោទ​ប្រកាន់​រូបនេះ ក៏បាន​បញ្ចេញនូវ​សារ​ជាវីដេអូមួយ​ដែល​ត្រូវបាន​ថត​ទុក​ជា​មុនផងដែរ។

នៅក្នុងសារនោះ លោក Yoon បាននិយាយថា ៖”ខ្ញុំបានសម្រេចចិត្តប្រគល់ខ្លួនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ”។ មេដឹកនាំរូបនេះបានបន្ថែមទៀតថា លោកនឹងមិនទទួលយកភាពស្របច្បាប់នៃការស៊ើបអង្កេតនេះឡើយ ប៉ុន្តែកំពុងអនុវត្តតាម ដើម្បីការពារការបង្ហូរឈាមជាអកុសលណាមួយ។

ជម្រាបជូនផងដែរថា លោក Yoon អាច​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត ឬ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត ប្រសិនបើ​​ត្រូវ​បាន​រក​ឃើញ​ថា​លោកពិតជាមាន​កំហុស​ក្នុង​ការ​បះបោរពិតមែននោះ៕