ឥណ្ឌូណេស៊ី​ គ្រោងដាក់សំណើទៅសហរដ្ឋ​អាមេរិក ដើម្បីកាត់បន្ថយពន្ធពាណិជ្ជកម្មលើទំនិញរបស់ខ្លួន

អន្តរជាតិ

យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកលើកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ី គ្រោងដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការដាក់ពន្ធពាណិជ្ជកម្មលើទំនិញរបស់ខ្លួន តាមរយ:កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ដោយមានគោលបំណងកាត់បន្ថយសម្ពាធពាក់ព័ន្ធទៅនឹងគោលនយោបាយពន្ធនាំចូលថ្មី ដែលរំពឹងដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែង នាថ្ងៃទី២០ ខែមករាខាងមុខ។

ការព្រួយបារម្ភនេះ បានកើនឡើងចាប់តាំងពីលោក ត្រាំ បានប្តេជ្ញាថានឹងដាក់ពន្ធ ១០០% លើប្រទេសជាសមាជិក BRICS ប្រសិនបើប្លុកនេះបន្តជំរុញផែនការបង្កើតរូបិយប័ណ្ណថ្មី ដើម្បីប្រើប្រាស់ក្នុងការទូទាត់អន្តរជាតិ ជំនួសប្រាក់ដុល្លារអាមេរិក។ ការចូលជាសមាជិក BRICS ផ្លូវការរបស់ឥណ្ឌូណេស៊ី ហាក់បានបង្កើនការព្រួយបារម្ភបន្ថែមទៀត អំពីផលប៉ះពាល់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងអាមេរិក។

ទន្ទឹមនឹងនេះ លោក Airlangga Hartarto និយាយថា ៖”យើងកំពុងស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដើម្បីជួយបន្ថយពន្ធគយលើទំនិញនាំចេញរបស់យើង” ។

គួរឲ្យដឹងផងដែរថា បើទោះបីជាលោក ត្រាំ មិនទាន់ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅឡើយក៏ដោយ ប៉ុន្តែលោក Airlangga បានទទួលស្គាល់ថាសហរដ្ឋអាមេរិក បានអនុវត្តលើការដំឡើងពន្ធគយថ្មីចំពោះផលិតផលរបស់ឥណ្ឌូណេស៊ីមួយចំនួនរួចទៅហើយ ដូចជាស្បែកជើង សម្លៀកបំពាក់ និងទំនិញផ្សេងៗទៀត។

ជម្រាបជូនផងដែរថា ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ី និងអាមេរិកនៅតែមានភាពរឹងមាំ ដោយឈានដល់ ៣៤,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២៤ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានចំនួន ៣១,៦ពាន់លានដុល្លារ ដោយរក្សាបាននូវអតិរេកពាណិជ្ជកម្មចំនួន ១១,៥ពាន់លានដុល្លារសម្រាប់ប្រទេសឥណ្ឌូណេស៊ី៕