TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅសហរដ្ឋអាមេរិក ត្រឹមថ្ងៃអាទិត្យខាងមុខ

អន្តរជាតិ

TikTok គ្រោងនឹងបិទកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅទឹកដីសហរដ្ឋអាមេរិក ត្រឹមថ្ងៃអាទិត្យ ទី១៩ ខែមករាខាងមុខ ជាថ្ងៃដែលច្បាប់ហាមឃាត់វេទិកាកម្សាន្តដ៏ល្បីល្បាញ នៅអាមេរិកត្រូវចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌ធំៗមានជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ការផ្លាស់ប្តូរចុងក្រោយនេះ នឹងឃើញកម្មវិធីវីដេអូកម្សាន្តខ្លីដ៏ពេញនិយមមួយរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់អាមេរិកចំនួនប្រហែល ១៧០ លាននាក់ប្រចាំខែ នឹងត្រូវដកចេញទាំងស្រុង។ ច្បាប់ស្តីពីការហាមឃាត់នេះ នឹងមើលឃើញថាកម្មវិធី TikTok នឹងលែងអាចទាញយកបានពីក្នុង App Store របស់ Apple និង Google Play របស់ប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ដែលមាន TikTok ស្រាប់ នៅតែអាចបន្តរក្សាកម្មវិធីនៅលើទូរសព្ទរបស់ពួកគេ ប៉ុន្តែវានឹងមិនធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ៗបានទៀតទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានជំនួសមកវិញ ជាមួយនឹងការបិទកម្មវិធីរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសនេះតែម្តង។

ទន្ទឹមនឹងនេះយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា TikTok គ្រោងនឹងណែនាំទៅកាន់អ្នកប្រើប្រាស់នៅអាមេរិក ដោយផ្តល់ឲ្យពួកគេនូវជម្រើសក្នុងការទាញយកទិន្នន័យពីកម្មវិធីរបស់ខ្លួន មុនពេលឈានដល់ការបិទ នៅថ្ងៃអាទិត្យខាងមុខ។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិកដែលកំពុងខិតជិតផុតអាណត្តិ លោក ចូ បៃដិន កាលពីខែមេសាឆ្នាំមុន បានចុះហត្ថលេខាលើច្បាប់មួយដែលតម្រូវឲ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok នៅសហរដ្ឋអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា ឬអាចប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។ កាលពីសប្តាហ៍មុន តុលាការកំពូល ហាក់ដូចជាមានទំនោរក្នុងការតម្កល់ច្បាប់នេះទុក បើទោះបីជាមានការអំពាវនាវពីលោក ដូណាល់ ត្រាំ និងសមាជិកសភាឲ្យមានការពន្យាពេលកំណត់នៃការបិទកម្មវិធីនេះក៏ដោយ៕