សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្លាប់បានដឹកនាំការស្វែងរកសន្តិភាពនៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន គួរតែទទួលយកការចរចាក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ៊ុយក្រែន មិនគួររង់ចាំរហូតដល់មានប្រៀបទៅលើរុស្ស៊ីមុន ទើបចរចានោះឡើយ ព្រោះការធ្វើបែបនេះ អាចនឹងធ្វើឲ្យសង្គ្រាមបន្តអូសន្លាយកាន់តែយូរ និងធ្វើឲ្យការចរចាបញ្ចប់សង្គ្រាម ត្រូវរង់ចាំរហូតដល់រាប់សិបឆ្នាំទៅមុខទៀត។
ជាក់ស្តែង នៅក្នុងសារមួយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមករា សម្តេច ហ៊ុន សែន បានលើកឡើងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។
ប៉ុន្តែ ប្រមុខណាតូ (NATO) បាននិយាយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ។ នេះមានន័យថា ការចរចានឹងមិនអាចធ្វើឡើងបាននោះឡើយ ខណ: NATO ចង់សំដៅលើសភាពការណ៍លើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។
ជុំវិញការលើកឡើងបែបនេះ ត្រូវបានសម្តេច ហ៊ុន សែន ចោទចេញជាសំណួរថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង និងចរចាផង?
សម្តេច ហ៊ុន សែន បានថ្លែងទៀតថា ៖”សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការណ៍វានៅតែប៉ុណ្ណឹង”។
សម្តេចបន្តទៀតថា តាមការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការណ៍កាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។
តាមរយ:បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិបរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។
ទន្ទឹមនឹងនេះ ដោយលើកឡើងពីបទពិសោធន៍របស់កម្ពុជា សម្តេចថ្លែងទៀតថា ការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ សម្រាប់ករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕