រដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន កាលពីពេលថ្មីៗនេះ បានឈានដល់ការដាក់ចេញច្បាប់ថ្មីមួយស្តីពីការរារាំងការលក់រថយន្តឆ្លាតវៃដែលប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសចិន ឬរុស្ស៊ី នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលជាវិធានការជំរុញចុងក្រោយមួយដោយប្រធានាធិបតីអាមេរិកមុននឹងចាកចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិដែលទាក់ទងនឹងឧស្សាហកម្មរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។
ដូចដែលបានប្រកាសដោយនាយកដ្ឋានពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃអង្គារ ការហាមឃាត់លើការលក់ត្រូវបានអនុវត្តចំពោះរថយន្តគំរូសម្រាប់ម៉ូដែលផលិតឆ្នាំ២០២៧ លើក្រុមហ៊ុនផលិតដែលមានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ទោះបីជាពួកគេត្រូវបានផលិតនៅក្នុងទឹកដីសហរដ្ឋអាមេរិកក៏ដោយ។
ការហាមប្រាមកម្មវិធីនឹងចូលជាធរមានសម្រាប់គំរូឆ្នាំ២០២៧ ផងដែរ ខណៈពេលដែលការរឹតបន្តឹងនេះ នឹងត្រូវចូលជាធរមានសម្រាប់គំរូឆ្នាំ២០៣០។ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បាននិយាយទៀតថា ប៉ុន្តែបច្ចុប្បន្ន ច្បាប់ចុងក្រោយអនុវត្តតែចំពោះរថយន្តដឹកអ្នកដំណើរដែលមានទម្ងន់តិចជាង ១០ ០០១ ផោន (៤ ៥៣៦ គីឡូក្រាម) ប៉ុណ្ណោះដែលបានផ្តល់ឲ្យមានភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ ចំពោះបច្ចេកវិទ្យានៅក្នុងរថយន្តពាណិជ្ជកម្មឆ្លាតវៃដូចជាឡានដឹកទំនិញ និងឡានក្រុង នាយកដ្ឋានមានគម្រោងនឹងចេញច្បាប់ដាច់ដោយឡែកមួយផ្សេងទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ជុំវិញផែនការហាមឃាត់នេះ ត្រូវបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក បៃដិន កាលពីខែមីនាបានស្នើថា ខ្លួនកំពុងពិចារណាលើវិធីសាស្រ្តជាដំណាក់កាល ដើម្បីហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាចិន និងរុស្ស៊ី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្ត។
វិធានការថ្មីនេះ ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋបាលលោក បៃដិន ដើម្បីឈានទៅដល់ការទប់ស្កាត់បច្ចេកវិទ្យាពីគូប្រជែងដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសារតែការបារម្ភពីសន្តិសុខជាតិ។ នោះក៏រាប់បញ្ចូលទាំងច្បាប់ដ៏វិសេសវិសាលមួយ ដើម្បីរឹតបន្តឹងការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផលិតដោយសហរដ្ឋអាមេរិក ផងដែរ៕