អនុប្រធានាធិបតីចិន លោក Han Zheng នឹងអញ្ជើញទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ខណ:នេះគឺជាលើកទីមួយហើយដែលមេដឹកនាំជាន់ខ្ពស់ចិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍បែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
យោងតាមក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី១៧ ខែមករានេះថា អនុប្រធានាធិបតីលោក Han Zheng នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ត្រាំ នាថ្ងៃទី២០ ខែមករា តបតាមការអញ្ជើញរបស់ភាគីអាមេរិក ក្នុងនាមជាតំណាងពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន បានបញ្ជាក់ថា ៖”យើងមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដោះស្រាយភាពខុសគ្នាឲ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខសន្តិភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក”។
គួរឲ្យដឹងផងដែរថា វត្តមានរបស់លោក Han Zheng នឹងក្លាយជាលើកដំបូងបំផុតដែលមេដឹកនាំជាន់ខ្ពស់ចិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ កន្លងមកប្រទេសចិនបានត្រឹមតែបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនប៉ុណ្ណោះ ទៅចូលរួមព្រឹត្តិការណ៍បែបនេះ។
ជម្រាបជូនថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន ឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀតទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំពិភពលោកជាច្រើន។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោក Han Zheng បានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងហ្សាការតា ក្នុងនាមជាតំណាងពិសេសរបស់ប្រធានាធិបតីលោក ស៊ី។ លោកក៏បានតំណាងឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង នៅឯពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles III នៅទីក្រុងឡុងដ៍ ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅផងដែរ៕