មេធំ TikTok ទំនងចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok លោក Shou Zi Chew អាចនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ខណ:ខិតជិតដល់ថ្ងៃកំណត់ដែលកម្មវិធីកម្សាន្តដ៏ពេញនិយមបំផុតរបស់ពិភពលោកមួយនេះ ត្រូវបានហាមឃាត់នៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោងតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា គណៈកម្មាធិការស្បថចូលកាន់តំណែង Trump-Vance បានអញ្ជើញនាយកប្រតិបត្តិរបស់ TikTok លោក Shou Zi Chew ជាពិសេស ឲ្យចូលរួមក្នុងពិធីចូលកាន់តំណែងរបស់លោក ត្រាំ ដែលនឹងត្រូវរៀបចំធ្វើឡើងនាថ្ងៃចន្ទ សប្តាហ៍ក្រោយ។

លោក Shou Zi Chew ត្រូវបានគេរំពឹងថានឹងត្រូវអង្គុយនៅក្នុងផ្នែកកិត្តិយស ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់អតីតប្រធានាធិបតី សមាជិកគ្រួសារប្រធានាធិបតី និងភ្ញៀវសំខាន់ៗ។ ស្របពេលម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួន ដូចជាមហាសេដ្ឋី Elon Musk មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg និងស្ថាបនិក Amazon លោក Jeff Bezos ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ផងដែរ។

ជុំវិញការចូលរួមរបស់លោក Chew នេះ ត្រូវបានកើតឡើង នៅចំពេលដែល TikTok កំពុងប្រឈមមុខនឹងការបិទទាំងស្រុង នៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយស្តីពីការហាមឃាត់វេទិកានេះ កាលពីក្នុងខែមេសា ឆ្នាំ២០២៤។

គួរឲ្យដឹងផងដែរថា ជុំវិញច្បាប់ថ្មីនេះ តុលាការកំពូលអាមេរិក ទុកពេលឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មានមូលដ្ឋាននៅក្នុងប្រទេសចិន ត្រឹមថ្ងៃទី១៩ ខែមករា ដើម្បីលក់កម្មវិធីរបស់ខ្លួន ឬមួយត្រូវបិទចោលទាំងស្រុង នៅសហរដ្ឋអាមេរិក ពោលគឺនៅមុនមួយថ្ងៃ​ មុនពេលលោក ត្រាំ ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ។

ជម្រាបជូនផងដែរថា កន្លងមកប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះ TikTok ដែលបង្កឲ្យមានការរំពឹងទុកថាលោកអាចស្វែងរកការជួយជ្រោមកម្មវិធីនេះ ឲ្យរួចផុតពីការហាមឃាត់ នៅក្នុងសហរដ្ឋអាមេរិក។ លោក ក៏ត្រូវបានគេរាយការណ៍ទៀតថា បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ TikTok លោក Shou Zi Chew នៅឯ​រីស៊ត​ Mar-a-Lago ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅផងដែរ៕