ក្រុមមន្ត្រី និងអ្នកធុរកិច្ចរបស់ចិនជាច្រើន កំពុងសម្លឹងឃើញលទ្ធភាពក្នុងការទិញយករោងចក្រផលិតរថយន្តអាល្លឺម៉ង់មួយចំនួនដែលគ្រោងនឹងបិទទ្វារ ជាពិសេសលើរោងចក្ររបស់ក្រុមហ៊ុន Volkswagen។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ការទិញយករោងចក្រទាំងនេះ អាចនឹងអនុញ្ញាតឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកន្លែងសម្រាប់ការផលិតរថយន្តម៉ាកយីហោដ៏ចំណាស់ និងល្បីល្បាញបំផុតមួយចំនួន។
គួរឲ្យដឹងផងដែរថា កន្លងមកក្រុមហ៊ុនរបស់ចិន បានវិនិយោគលើវិស័យជាច្រើននៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប រាប់ចាប់ពីវិស័យទូរគមនាគមន៍ រហូតដល់មនុស្សយន្ត ប៉ុន្តែពួកគេនៅមិនទាន់មានរោងចក្រផលិតរថយន្តបែបប្រពៃណី នៅទីនោះ នៅឡើយទេ។
ជុំវិញផែនការទិញនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអឺរ៉ុប ក៏ជាម្ចាស់ម៉ាកយីហោល្បីៗដូចជា Porsche, Audi និង Skoda បានមើលឃើញថាការលក់របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនចិន។
ក្រុមហ៊ុននេះ បានរៀបចំផែនការកាត់បន្ថយការចំណាយ រួមទាំងផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្នុងរោងចក្រនៅទីក្រុង Dresden និង Osnabrueck របស់ខ្លួន។
ក្នុងពេលជាមួយគ្នានេះ រោងចក្រដែលមានកម្មករ ២ ៣០០ នាក់កំពុងធ្វើការនៅទីក្រុង Osnabrueck ដែលជាកន្លែងសម្រាប់ផលិតរថយន្ត T-Roc Cabrio នឹងត្រូវបិទទ្វារ នៅឆ្នាំ២០២៧ ស្របពេលប្រភពជាច្រើន បានបង្ហាញថា Volkswagen កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់រោងចក្រនេះ ទៅឲ្យអ្នកវិនិយោគចិន។
ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលផ្តោតលើឧស្សាហកម្មរថយន្ត បាននិយាយថា រោងចក្រ Volkswagen ទាំងពីរអាចមានតម្លៃចន្លោះពី ១០០លានទៅ ៣០០លានអឺរ៉ូ (១០៣លានដុល្លារ ទៅ ៣០៩លានដុល្លារ) ខណ:ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាឡឺម៉ង់មួយនេះ អាចនឹងជ្រើសរើសលក់វាចេញ ជាជាងការបិទចោលទាំងស្រុង។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើន ឥឡូវនេះកំពុងស្វែងរកការសាងសង់រោងចក្រនៅអឺរ៉ុប ដែលជាទីផ្សាររថយន្តអគ្គិសនីធំជាងគេទីពីររបស់ពិភពលោក ដើម្បីចៀសវាងការយកពន្ធដែលដាក់ដោយគណៈកម្មការអឺរ៉ុប ទៅលើរថយន្តផលិតនៅចិន កាលពីឆ្នាំមុន ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការឧបត្ថម្ភធនដោយមិនយុត្តិធម៌៕