ប្រធានក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Suzuki Motor លោក Toshihiro Suzuki បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករាកន្លងទៅថា ប្រទេសឥណ្ឌានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកសម្រាប់រថយន្តអគ្គិសនីរបស់ Suzuki ហើយខ្លួនគ្រោងនឹងនាំចេញរថយន្តត្រឡប់ទៅកាន់ប្រទេសជប៉ុន រួមទាំងទីផ្សារធំៗផ្សេងទៀត ដូចជាអឺរ៉ុបជាដើម បើទោះបីជាការលក់រថយន្ត EV បច្ចុប្បន្នកំពុងមានការថមថយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួរឲ្យដឹងថា ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំបំផុតដោយគិតលើការលក់ និងប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Suzuki Motor ដែលមានវត្តមាននៅទីនោះ តាមរយៈកាន់កាប់ភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Maruti Suzuki ។
យ៉ាងណាមិញ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Maruti បានប្រកាសថានឹងតាំងបង្ហាញរថយន្ត EV ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាប្រភេទរថយន្ត SUV ខ្នាតមធ្យម e Vitara ដែលនឹងត្រូវនាំចេញទូទាំងពិភពលោក ហើយថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុន Toyota Motor Corp ដែលជាដៃគូរបស់ Suzuki ផងដែរ។
ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុន លោក Toshihiro Suzuki បាននិយាយប្រាប់អ្នកយកព័ត៌មាននៅទីក្រុង New Delhi ថា៖”សម្រាប់ក្រុមហ៊ុន Suzuki គុណសម្បត្តិជាច្រើនក្នុងប្រទេសឥណ្ឌា គឺជាកម្លាំងរបស់យើង ហើយយើងនឹងប្រើប្រាស់នូវអត្ថប្រយោជន៍នេះយ៉ាងពេញលេញ ដើម្បីផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ និងទាក់ទាញនៅទូទាំងទីផ្សារនានា ដូចជាអឺរ៉ុប ជប៉ុន មជ្ឈិមបូព៌ា អាហ្រ្វិកកណ្តាល និងអាមេរិកខាងត្បូង ជាដើម”។
លោក Toshihiro បានបន្តទៀតថា៖ “ជាសកលទីផ្សារ EV ហាក់មានភាពយឺតយ៉ាវ ប៉ុន្តែខ្ញុំគិតថានៅក្នុងប្រទេសឥណ្ឌា មានសក្តានុពលដែលការលក់រថយន្ត EV អាចនឹងកើនឡើង”។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Suzuki Motor គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តរបស់ខ្លួនទ្វេដង ដល់ចំនួន ៤ លានគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០៣១ ដោយផ្តោតសំខាន់លើការចេញលក់រថយន្តស៊េរីថ្មីៗ និងការពារចំណែកទីផ្សាររបស់ខ្លួន៕