ហ្វីលីពីន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអារ៉ាប់រួម លើគម្រោងថាមពលកកើតឡើងវិញតម្លៃ ១៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសអារ៉ាប់រួម Masdar កាលពីពេលថ្មីៗនេះ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលកកើតឡើងវិញ ដែលមានតម្លៃដល់ទៅ ១៥ពាន់លានដុល្លារ ជាមួយប្រទេសហ្វីលីពីន ដើម្បីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រព័ន្ធផ្ទុកថ្ម ដោយផ្តល់ឲ្យនូវការផលិតថាមពលអគ្គិសនីស្អាតរហូតដល់ ១ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:គម្រោងដ៏ធំនេះ គឺស្របតាមគោលដៅរបស់ប្រទេសហ្វីលីពីន ក្នុងការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងការបង្កើនចំណែកនៃថាមពលស្អាត នៅក្នុងល្បាយថាមពលរបស់ខ្លួន។

រដ្ឋលេខាធិការថាមពលជាតិរបស់ហ្វីលីពីន លោក Raphael Lotilla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយ Masdar ថា៖”ភាពជាដៃគូនេះជាមួយ Masdar នេះ គឺជាបោះជំហានផ្លាស់ប្តូរមួយ នៅក្នុងដំណើរការផលិតថាមពលកកើតឡើងវិញរបស់យើង”។

គួរឲ្យដឹងថា ប្រទេសហ្វីលីពីនដែលនាំចូលភាគច្រើននៃប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួននោះ មានគោលបំណងបង្កើនចំណែកនៃថាមពលកកើតឡើងវិញ នៅក្នុងល្បាយថាមពលរបស់ខ្លួនដល់ ៣៥% នៅឆ្នាំ២០៣០ និង ៥០% នៅឆ្នាំ២០៤០។ ក្នុងឆ្នាំ២០២២ ថាមពលកកើតឡើងវិញមានចំនួន ២២,៨ នៃល្បាយថាមពលសរុបរបស់ហ្វីលីពីន។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Masdar លោក Mohamed Jameel Al Ramahi បាននិយាយថា ៖”យើងទន្ទឹងរង់ចាំការប្រើប្រាស់ជំនាញ និងបទពិសោធន៍ទាំងអស់របស់យើង ដើម្បីគាំទ្រដល់ហ្វីលីពីន ក្នុងការសម្រេចបាននូវគោលដៅថាមពលប្រកបដោយមហិច្ឆតារបស់ប្រទេសនេះ” ។

ជម្រាបជូនផងដែរថា កន្លងមកហ្វីលីពីន បានចេញច្បាប់ថ្មីដើម្បីអនុញ្ញាតឲ្យមានការកាន់កាប់សិទ្ធិពេញលេញរបស់ក្រុមហ៊ុនបរទេស នៅក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត៕