កម្មវិធីកម្សាន្តដ៏ល្បីល្បាញរបស់ពិភពលោក TikTok ត្រូវបានបើកដំណើរការឡើងវិញហើយ នៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចេញដីកាប្រតិបត្តិមួយដើម្បីផ្តល់ការលើកលែងដល់វេទិកាសង្គមនេះ ក្រោយពេលស្បថចូលកាន់តំណែងជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
រម្លឹកផងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធីកម្សាន្តដែលមានអ្នកប្រើប្រាស់អាមេរិកដល់ទៅ ១៧០ លាននាក់ គ្រងដោយក្រុមហ៊ុនរបស់ប្រទេសចិន បានឈប់ដំណើរការនៅទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីច្បាប់ហាមឃាត់មួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាណត្តិមុន លោក ចូ បៃដិន បានចូលជាធរមាន។
យ៉ាងណាក៏ដោយ ក្រោយការស្បថចូលកាន់តំណែងជាផ្លូវការ លោក ត្រាំ ដែលពីមុនមក ធ្លាប់តែប្រកាសគាំទ្រដល់ការហាមប្រាមលើវេទិកានេះ បានចេញមុខសន្យាថានឹងពន្យារពេលការនៃការអនុវត្តច្បាប់ហាមឃាត់នេះ និងអនុញ្ញាតឲ្យមានការផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងស្តារសេវាកម្ម TikTok នៅអាមេរិកឡើងវិញ។
យ៉ាងណាមិញ នៅក្រោយការប្រកាសនេះត្រឹមតែប៉ុន្មានម៉ោងមក កម្មវិធី TikTok ក៏បានចាប់ផ្តើមដំណើរការជាថ្មីម្តងទៀត ស្របពេលអ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិក បានចេញសារថ្លែងអំណរគុណដល់លោក ត្រាំ យ៉ាងច្រើនសន្ធឹងសន្ធាប់។
ទន្ទឹមនឹងនេះ លោក Trump បាននិយាយនៅឯការជួបជុំកាលពីថ្ងៃអាទិត្យ មុនការស្បថចូលកាន់តំណែងរបស់លោកថា ៖”និយាយដោយត្រង់ទៅ យើងគ្មានជម្រើសទេ។ យើងត្រូវតែរក្សាទុកវា” ។ ប្រធានាធិបតីរូបនេះ បាននិយាយបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងស្វែងរកការបណ្តាក់ទុនរួមគ្នាមួយដើម្បីស្ដារកម្មវិធីចែករំលែកវីដេអូកម្សាន្តខ្លីដែលមានអ្នកប្រើប្រាស់អាមេរិកដល់ទៅ ១៧០ លាននាក់នេះផងដែរ។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន TikTok ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់ការផ្តល់នូវភាពច្បាស់លាស់ និងការធានាចាំបាច់ ដើម្បីធ្វើឲ្យកម្មវិធីរបស់ខ្លួនដំណើរការនៅអាមេរិកឡើងវិញ ស្របពេលក្រុមហ៊ុនក៏នឹងបន្តស្វែងរកដំណោះស្រាយរយៈពេលវែង ដើម្បីរក្សា TikTok ឲ្យនៅសហរដ្ឋអាមេរិកទៅមុខទៀត ផងដែរ៕