លោក ត្រាំ បង្ហើបថានឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិច្រើនជាង ៥០ នៅថ្ងៃដំបូងជាប្រធានាធិបតី

អន្តរជាតិ

យោងតាមប្រភពជិត​ស្និទ្ធ​មួយបង្ហើបឲ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិច្រើនជាង ៥០ នៅថ្ងៃដំបូងនៃការចូលកាន់តំណែងផ្លូវការក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ ដោយមានបំណងចុះហត្ថលេខាលើបទបញ្ជាជាច្រើន នៅចំពោះមុខហ្វូងអ្នកគាំទ្រនៅឯ នៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែអ្វីដែលខុសពីការរំពឹងទុកគឺថា ពិធីនេះនឹងត្រូវធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ដោយសារតែអាកាសធាតុមិនអំណោយផល។

យ៉ាងណាមិញ ថ្វីដ្បិតតែមិនទាន់បានបង្ហើបប្រាប់ទាំងអស់ តែក្នុងការជួបជុំអ្នកគាំទ្រមុនពេលស្បថចូលកាន់តំណែង កាលពីថ្ងៃអាទិត្យ លោក ត្រាំ ប្រកាសថា នៅពេលលោកបានអំណាចភ្លាម លោននឹងចុះហត្ថលេខាលើបទបញ្ជាមួយចំនួន រួមទាំងការផ្អាកជាបណ្តោះអាសន្នលើការហាមឃាត់កម្មវិធី TikTok ,វិធានការពង្រឹងសន្តិសុខព្រំដែន ,បញ្ឈប់អាណត្តិភាពចម្រុះនៅក្នុងរដ្ឋាភិបាលសហព័ន្ធ រួមទាំងកិច្ចការជាច្រើនដែលទាក់ទងនឹងគោលនយោបាយថាមពល និងលុបបំបាត់គោលនយោបាយ​សមធម៌​ពីយោធាអាមេរិក ផងដែរ។

ទន្ទឹមនឹងនេះ គេរំពឹងទុកទៀតថា នៅមានបញ្ជាប្រតិបត្តិជាច្រើនទៀត ពោលគឺមិនក្រោម ១០០ទេ ដែលលោកត្រាំ គ្រោងនឹងចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិកផ្លូវការ ស្របពេលលោកក៏ប្រាប់ទៅអ្នកគាំទ្រផងដែរថា គ្រប់គ្នានឹងសប្បាយចិត្តចំពោះបញ្ជាប្រតិបត្តិទាំងនេះ។

ជម្រាបជូនផងដែរថា កាលពីអំឡុងពេលធ្វើជាប្រធានាធិបតី លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសរុបចំនួន ២២ ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការចូលកាន់តំណែងរបស់ខ្លួន ដែលជាកំណត់ត្រាដ៏ច្រើនមួយនាពេលនោះ៕