ទ្រព្យសម្បត្តិមហាសេដ្ឋីសរុបលើពិភពលោក ត្រូវបានរាយការណ៍ថា បានកើនឡើងដល់ទៅ ២ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៤ ឬស្មើនឹងការកើនឡើង ៥,៧ពាន់លានដុល្លារក្នុងមួយថ្ងៃ។ អត្រានៃការកើនឡើងនេះ គឺលឿនជាងបីដង បើធៀបទៅនឹងឆ្នាំ២០២៣។
យោងតាមទិន្ន័យពីស្ថាប័នអន្តរជាតិ Oxfam បានបង្ហាញឲ្យដឹងថា ជាមធ្យមមានមនុស្ស ៤នាក់ នៅជុំវិញពិភពលោក បានក្លាយជាមហាសេដ្ឋីថ្មីៗរៀងរាល់មួយសប្តាហ៍ ដែលនេះធ្វើឲ្យចំនួនមហាសេដ្ឋីថ្មីៗកើនឡើងចំនួន ២០៤ នាក់បន្ថែមទៀត ក្នុងឆ្នាំ២០២៤ (មហាសេដ្ឋីសរុបមានចំនួន ២៧៦៩នាក់ ក្នុងឆ្នាំ២០២៤ កើនឡើងពីចំនួន ២៥៦៤ នាក់ ក្នុងឆ្នាំ២០២៣)។
ដោយឡែកចំពោះអ្នកមានដាច់គេបំផុតទាំង ១០របស់ពិភពលោក ត្រូវបានមើលឃើញថាទ្រព្យសម្បត្តិរបស់ពួកគេ បានកើនឡើងជាមធ្យមជិត ១០០លានដុល្លារក្នុងមួយថ្ងៃ។ ហើយប្រសិនបើមានមហាសេដ្ឋីណាម្នាក់ ក្នុងចំណោម១០រូបនោះ បាត់បង់ទ្រព្យសម្បត្តិ ៩៩% របស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែជាមហាសេដ្ឋីដដែល។
ប្រភពដដែលនេះ ក៏បានព្យាករទៀតផងដែរថា តាមរយ:កំណើនបច្ចុប្បន្ន មហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេបង្អស់ចំនួន ៥ នាក់ អាចនឹងលេចវត្តមានឡើងនៅក្នុងឆ្នាំ២០៣៤ ខាងមុខ។
តាមការសិក្សារបស់ស្ថាប័នអន្តរជាតិ Oxfam បានបង្ហាញឲ្យដឹងទៀតថា ៦០% នៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះ គឺកើតចេញពីការស្នងមរតក ការរកស៊ីលើអាជីវកម្មផ្តាច់មុខ ឬទំនាក់ទំនងវង្សត្រកូល ជាដើម៕