ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបង្កើតថ្មីរបស់សហរដ្ឋអាមេរិក Canoo ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួនកំពុងដាក់ពាក្យសុំក្ស័យធន ហើយនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ ក្រោយគ្មានលទ្ធភាពក្នុងការបង្កើនដើមទុនបន្ថែមទៀតបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន Canoo បានដាក់ពាក្យសុំក្ស័យធននៅត្រង់ជំពូកទី៧ ក្រោមក្រមក្ស័យធនរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ផងដែរថាជា ភាពក្ស័យធនដោយគ្មានលទ្ធភាពទូទាត់។ ដូច្នោះហើយ ការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុននេះ នឹងបញ្ឈប់ប្រតិបត្តិការរបស់ពួកគេវិញភ្លាមៗ ហើយនឹងត្រូវរំលាយទ្រព្យសម្បត្តិទាំងអស់ដើម្បីសងបំណុល។
គួរឲ្យដឹងផងដែរថា ជំពូកទី៧ នៃភាពក្ស័យធន គឺខុសពីជំពូកទី១១ នៃភាពក្ស័យធនដែលអនុញ្ញាតឲ្យអាជីវកម្មចាប់ផ្តើមថ្មីអាចរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងបន្តប្រតិបត្តិការ ខណៈពេលកំពុងអនុវត្តផែនការសងបំណុល។
ក្រុមហ៊ុន Canoo ត្រូវបានបង្កើតឡើងដំបូងក្នុងខែធ្នូ ឆ្នាំ២០១៧ ដោយផ្តោតលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូច និងរថយន្តដឹកទំនិញដែលមានគោលបំណងផ្តោតលើអតិថិជនដែលចូលចិត្តស្វែងរកការផ្សងព្រេង។
ជម្រាបជូនផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ក្រុមហ៊ុន Canoo បានរាយការណ៍ពីការខាតបង់ប្រាក់ចំណូលសុទ្ធរបស់ខ្លួនចំនួន ១១០,៧លានដុល្លារ ពោលគឺកើនឡើងពី ៩០,៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Canoo មានត្រឹមលុយតម្តល់ត្រឹមតែប្រហែល ៧សែនដុល្លារប៉ុណ្ណោះ នៅក្នុងធនាគារ។ ហើយដើម្បីទប់ទល់ការចំណាយទាំងនេះ ក្រុមហ៊ុនបានសម្រេចផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅរោងចក្រ Oklahoma របស់ខ្លួន និងថែមទាំងបានដកបុគ្គលិកចេញ ផងដែរ៕