នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra កាលពីពេលថ្មីៗនេះ បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីជាការទូទាត់ និងផ្តល់សេវាកម្ម នៅក្នុងខេត្តភូកេត ដែលជាតំបន់ដ៏មានសក្តានុពល និងជាគោលដៅកោះដ៏ពេញនិយមបំផុតនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោកស្រី Paetongtarn បាននិយាយថា រដ្ឋាភិបាលថៃគ្រោងនឹងប្រើគំនិតផ្តួចផ្តើមនេះ ដើម្បីកំណត់គោលដៅជាពិសេសទៅលើជនបរទេស។ នាយករដ្ឋមន្ត្រីរូបនេះ បានបង្ហាញការជឿជាក់ទៀតថា ការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថលនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ជនបរទេសដែលត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីសម្របខ្លួនទៅនឹងរបៀបរស់នៅរបស់ពួកគេ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកPichai Chunhavajiraបានប្រកាសថា ផែនការដាក់ឲ្យប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងការទូទាត់នេះ អាចនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២៥ ខាងមុខ។ លោកក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការចុះសម្រុងគ្នា និងធ្វើនិយតកម្មលើវេទិកាទាំងនេះ ដើម្បីឈានដល់ការអនុវត្តដោយរលូន។
ជម្រាបជូនផងដែរថា កម្មវិធីសាកល្បងនៅភូកេត ត្រូវបានគេរំពឹងថានឹងគាំទ្រដល់វិស័យទេសចរណ៍ ដែលធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អាជីវកម្ម និងអ្នកទស្សនាក្នុងការបង្កើនទ្រព្យសម្បត្តិឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕