ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២០ ខែមករាកន្លងទៅ ដែលរៀបចំធ្វើឡើងយ៉ាងអធិកអធមនៅក្នុងវិមានសភាអាមេរិក The Capitol ដោយមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ រួមទាំងអតីតប្រធានាធិបតី និងមហាសេដ្ឋីកំពូលៗជាច្រើនរូប ផងដែរ។
យ៉ាងណាមិញ នៅមុនការវិលត្រលប់មកកាន់តំណែងនៅក្នុងសេតវិមាន សម្រាប់អាណត្តិជាលើកទី២ របស់ខ្លួន លោក ត្រាំ ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់ ដោយលោកគឺជាម្ចាស់តែម្នាក់គត់នៃក្រុមហ៊ុនមេ The Trump Organization ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធប្រហែល ៥០០ ឯណោះ។
ក្នុងចំណោមក្រុមហ៊ុនរាប់រយនោះ មានក្រុមហ៊ុន ៥ ដែលធ្លាប់រកចំណូលសរុបបានខ្ទង់រយលានដុល្លារ សម្រាប់ប្រធានាធិបតីអាណត្តិថ្មីរូបនេះ ដោយផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Investopedia៖
១/ Trump National Doral
ជាទីលានវាយកូនហ្គោលមួយដែលលោក ដូណាល់ ត្រាំ បានទិញកាលពីឆ្នាំ ២០១២ ពីម្ចាស់ដែលបានប្រកាសក្ស័យធន ក្នុងតម្លៃប្រមាណ ១៥០ លានដុល្លារ។ កាលពីឆ្នាំ ២០១៩ កន្លែងកម្សាន្តបែបអភិជនមួយនេះ អាចរកចំណូលបានប្រហែល ៧៧លានដុល្លារ ប៉ុន្តែកាលពី២០២០ វាបានធ្លាក់មកនៅត្រឹម ៤៤លានដុល្លារប៉ុណ្ណោះ ដោយសារការជំងឺរាតត្បាតកូវីដ-១៩។
២/ Trump Old Post Office LLC
មុខជំនួញទី ២ នេះ គឺស្ថិតនៅក្នុងចង្កោមអាជីវកម្មបដិសណ្ឋារកិច្ច ដែលវាបានសាងសង់ឡើងនៅទីតាំងការិយាល័យប្រៃសណីយ៍ចាស់របស់រដ្ឋ។ សណ្ឋាគារខ្នាតអន្តរជាតិមួយនេះធ្លាប់រកចំណូលឲ្យ លោក ដូណាល់ ត្រាំបានរហូតដល់ជាង ៤០លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ The Trump Organization បានប្រកាសថា ពួកគេបានលក់សណ្ឋាគារនោះហើយ ក្នុងតម្លៃប្រមាណ ៣៧៥ លានដុល្លារ ដោយសារមានបញ្ហាក្ដីក្ដាំ និងទទួលបានការរិះគន់ជាសាធារណៈពីសំណាក់គូប្រជែងលើវិស័យជាមួយគ្នាផង។
៣/ Trump Ruffin Tower LLC
Trump Ruffin Tower LLC ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៨ ដោយផ្តោតលើការរកស៊ីផ្នែកវិស័យសណ្ឋាគារ និងខុនដូទំនើប ហើយបើតាមទិន្នន័យ បានបង្ហាញថា ក្រុមហ៊ុនមួយនេះអាចរកចំណូលជូនលោក ត្រាំ ប្រហែល ៣០លានដុល្លារក្នុងមួយឆ្នាំ។
៤/ Trump Turnberry
ជាទីលានវាយកូនហ្គោលមួយទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ The Trump Organization ផងដែរ ហើយវាត្រូវបានទិញពីក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ខណៈតម្លៃរបស់ទីលានវាយកូនហ្គោលមួយនេះមិនត្រូវបានទម្លាយឲ្យដឹងឡើយ។
សារព័ត៌មាន Investopedia បានទម្លាយថា រីសតមួយនេះអាចរកប្រាក់ជូនអតីតប្រធានាធិបតីអាមេរិកបានប្រហែល ២៥លានដុល្លារ ក្នុងមួយឆ្នាំ។
៥/ Mar-a-Lago Club LLC
មើលឲ្យមែនទែនទៅ ភូមិគ្រឹះមួយនេះគឺជាកាដូដែលអ្នកស្រី Marjorie Merriweather Post ផ្ដល់ជាអំណោយទៅកាន់រដ្ឋាភិបាលអាមេរិកនៅឆ្នាំ១៩៦៨ ប៉ុណ្ណោះ ប៉ុន្តែនៅពេលអ្នកស្រីទទួលអនិច្ចកម្មទៅ នៅក្នុងឆ្នាំ១៩៧៣ រដ្ឋាភិបាលចាប់ផ្ដើមប្រកាសលក់ភូមិគ្រឹះមួយនេះ ដោយសារថ្លៃថែទាំមានតម្លៃខ្ពស់ពេក។
លុះដល់ឆ្នាំ ១៩៨៥ លោក ត្រាំ បានទិញយកអចលនទ្រព្យខ្នាតយក្សនេះក្នុងតម្លៃប្រហែល ៨លានដុល្លារ ហើយបានកែច្នៃវាចេញជា សណ្ឋាគារ និងរីសតឯកជនសម្រាប់អភិជនលំហែកាយ។ សណ្ឋាគារមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថាអាចរកចំណូលជូន លោក ត្រាំ ប្រមាណ ២០លានដុល្លារ ក្នុងមួយឆ្នាំ៕