ថ្មីៗនេះ លោក ដូណាល់ ត្រាំ ទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទកន្លងទៅ នៅឯវិមានសភា The Capitol ដោយមានការចូលរួមពីសំណាក់ភរិយា កូនៗទាំង៥ ក៏ដូចជាមហាសេដ្ឋី និងបុគ្គលសំខាន់ៗជាច្រើនរូបទៀតផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺវត្តមានកូនៗទាំង៥ របស់លោក ត្រាំ ដែលត្រូវបានគេចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ ក្នុងការជួយជ្រោមជ្រែងទាំងផ្នែកអាជីវកម្ម និងផ្នែកអាជីពនយោបាយឪពុករបស់ពួកគេ ក្នុងពេលកន្លងមកនេះ។
ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Town&Country បានបង្ហាញឲ្យយើងដឹងកាន់តែច្បាស់បន្ថែមទៀត ពីអំពីមុខជំនួញ ក៏ដូចជាទ្រព្យសម្បត្តិកូនៗទាំង៥ របស់លោក ត្រាំ ខាងក្រោមនេះ៖
១. Donald Trump Jr.
Donald Trump Jr. គឺជាកូនច្បងគេរបស់លោក ត្រាំ ជាមួយនឹងភរិយាដំបូងបំផុតរបស់ខ្លួន គឺលោកស្រី Ivana។ កើតនៅឆ្នាំ១៩៧៧ លោក Donald Jr. បានបញ្ចប់ការសិក្សាពីសាលា Wharton School of Business នៃសាកលវិទ្យាល័យរដ្ឋ Pennsylvania ក្នុងឆ្នាំ២០០០។ នៅឆ្នាំបន្ទាប់ លោកបានចូលរួមជាមួយ Trump Organization ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីជាអនុប្រធានប្រតិបត្តិ។ តាមរយ:មុខតំណែងនេះ Donald Jr. ក្តោបក្តាប់លើមុខជំនួញធំៗជាច្រើន រួមមានក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនលក់រាយ ពាណិជ្ជកម្ម សណ្ឋាគារ និងកីឡាវាយកូនហ្គោល។
បន្ថែមពីលើការធ្វើការជាមួយនឹងក្រុមហ៊ុនរបស់ឪពុក លោក Donald Jr. ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីនិយាយពីជីវិតពិត The Apprentice ហើយបានធ្វើសកម្មភាពយ៉ាងសកម្មសម្រាប់កិច្ចការនយោបាយរបស់ឪពុក ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៦, ២០២០, និង២០២៤កន្លងទៅផងដែរ។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Donald Jr. ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុបដល់ទៅ ៣៥០លានដុល្លារ។
២.Ivanka Trump
កើតនៅក្នុងឆ្នាំ១៩៨១ អ្នកនាង Ivanka Trump គឺជានិស្សិតបញ្ចប់ការសិក្សានៅសាលា Wharton។ Ivanka បានចាប់ផ្តើមប្រឡូកចូលក្នុងអាជីពការងារជាច្រើន រួមទាំងការងារជាតារាម៉ូដែល បុគ្គលិកលើប្រព័ន្ធផ្សព្វផ្សាយ អ្នកនិពន្ធ សហគ្រិនលើវិស័យម៉ូដ និងក្នុងវិស័យអចលនទ្រព្យ ផងដែរ។
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ អ្នកនាង Ivanka បានចាកចេញពីតំណែងរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Trump Organization ដើម្បីក្លាយជានាយកការិយាល័យគំនិតផ្តួចផ្តើមសេដ្ឋកិច្ច និងសហគ្រិន ក្នុងជួររដ្ឋបាលឪពុករបស់ខ្លួន ហើយក៏ត្រូវបានគេចាត់ទុកថាជាទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតរបស់លោក ត្រាំ ផងដែរ។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់អ្នកនាង Ivanka ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣៥០លានដុល្លារ។
៣. Eric Trump
Eric Trump គឺជាកូនពៅ ក្នុងចំណោមកូនៗទាំង៣ របស់លោក ត្រាំ និងភរិយាដំបូង Ivana។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Georgetown លោក Eric ក៏បានចូលរួមនៅក្នុងក្រុមហ៊ុន Trump Organization ផងដែរ ដែលឥឡូវនេះ កាន់តំណែងជាអនុប្រធានប្រតិបត្តិម្នាក់ រួមគ្នាជាមួយបងប្រុសរបស់គេ គឺ Donald Jr. ផងដែរ ។
យ៉ាងណាមិញ ទ្រព្យសម្បត្តិសរុបរបស់ Eric Trump ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុបប្រហែល ៥០លានដុល្លារ។
៤. Tiffany Trump
ជាកូនស្រីតែមួយរបស់ លោក ដូណាល់ ត្រាំ ជាមួយប្រពន្ធទីពីរ គឺលោកស្រី Marla Maples ។ Tiffany កើតក្នុងឆ្នាំ១៩៩៣ ហើយត្រូវបានធំធាត់ឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីឪពុកម្តាយគេលែងលះគ្នា ក្នុងឆ្នាំ១៩៩៩។ ដូចបងប្អូនបង្កើតពីរនាក់របស់នាងដែរ Tiffany បានចូលរៀននៅសកលវិទ្យាល័យរដ្ឋ Pennsylvania ហើយក្រោយមកបានទទួលសញ្ញាប័ត្រផ្នែកច្បាប់ពី Georgetown ។ យោងតាមប្រភពជាច្រើនបានបង្ហាញថា Tiffany មានជំនាញខ្ពស់នៅក្នុងផ្នែកបច្ចេកវិទ្យា និងសន្តិសុខតាមអ៊ីនធឺណិត។ ទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់ Tiffany ត្រូវបានប៉ាន់ស្មានថាមានចំនួន ១០លានដុល្លារ។
៥. Barron Trump
ជាកូនពៅក្នុងចំណោមបងប្អូនទាំង៥ នាក់ និងជាកូនប្រុសតែមួយគត់របស់ ត្រាំ និងជាមួយភិរិយាបច្ចុប្បន្ន លោកស្រី Melania Trump ។ កើតក្នុងឆ្នាំ២០០៦ Barron មានភាពខុសប្លែកពីបងៗរបស់គេដទៃទៀត ដែលមានឱកាសរស់នៅក្នុងសេតវិមាន។
ថ្វីត្បិតតែឪពុករបស់បុគ្គលដ៏មានអំណាច និងមានកេរ្តិ៍ឈ្មោះយ៉ាងណាក៏ដោយ តែ Barron ហាក់រស់នៅក្នុងជីវិតយ៉ាងសាមញ្ញាបំផុតដែលស្ទើរតែគ្មាននរណាចាប់អារម្មណ៍ ហើយគេកម្រថតរូប ឬបង្ហាញវត្តមាននៅក្នុងកម្មវិធីណាមួយណាស់។ ប៉ុន្តែកាលពីពេលថ្មីៗនេះ នៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិថ្មីរបស់លោក ត្រាំ គេសង្កេតឃើញថា Barron ក៏បានបង្ហាញវត្តមានផងដែរ និងបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសទៅលើរូបសម្បត្តិ ជាពិសេសកម្ពស់ដ៏ខ្ពស់របស់គេ ផងដែរ។ យ៉ាងណាក៏ដោយ ចំពោះទ្រព្យសម្បត្តិរបស់ Barron នៅមិនត្រូវបានគេដឹងច្បាស់លាស់ថាមានចំនួនប៉ុន្មាននោះឡើយ ខណ:បច្ចុប្បន្នយុវជនវ័យ ១៨ឆ្នាំរូបនេះ កំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ៕