បទបញ្ជាសំខាន់ៗអ្វីខ្លះដែលលោក ត្រាំ ចុះហត្ថលេខា ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតី?

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានស្បថចូលកាន់តំណែងកាលពីដើមសប្តាហ៍នេះ ត្រូវបានគេសង្កេតឃើញថាបានចាប់ផ្តើមអនុវត្តពាក្យសន្យារបស់ខ្លួន ជាមួយនឹងការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសំខាន់ៗជាច្រើន ជាបន្តបន្ទាប់ពោលគឺមិនតិចជាង ១៥ នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាបទបញ្ជាសំខាន់ៗ ដែលលោក ដូណាល់ ត្រាំ ចុះហត្ថលេខាក្នុងថ្ងៃដំបូងក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក៖

១. បទបញ្ជាកំណត់ភេទនៅអាមេរិកមានតែ២ប៉ុណ្ណោះ គឺភេទស្រី និងភេទប្រុស

២.បង្កើតនាយកដ្ឋានថ្មីដែលដឹកនាំដោយមហាសេដ្ឋី Elon Musk

៣. បញ្ជាឲ្យលុបចោលបទបញ្ជារបស់លោក ចូ បៃដិនចំនួន៧៨ ចំណុច

៤. ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស

៥. ប្រកាសអាសន្នផ្នែកថាមពល ហើយលុបចោលការរឹតបន្តឹងសកម្មភាពបូមប្រេង និងឧស្ម័ន

៦..ប្រកាសអាសន្នតាមព្រំដែនប៉ែកខាងត្បូងទឹកដីអាមេរិក

៧. លើកលែងទោស និងបន្ធូរបន្ថយទោសដល់ជនដែលត្រូវចោទប្រកាន់ក្នុងថ្ងៃទី៦ ខែមករា

៨. លុបចោលសិទ្ធិទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ សម្រាប់កូនជនអន្តោប្រវេសន៍ខុសច្បាប់​

៩. ដាក់ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ និងក្រុមឧក្រិដ្ឋជនអន្តរជាតិជាក្រុមភេរវករ

១០. ផ្អាកការបិទ TikTok រយៈពេល ៧៥ថ្ងៃ

១១. បញ្ជាឲ្យផ្អាកជំនួយទៅបរទេសរយៈពេល៩០ ថ្ងៃ ដោយរង់ចាំការត្រួតពិនិត្យបន្ថែម

១២.ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា ឈូងសមុទ្រអាមេរិក

១៣. ដកអាមេរិកចេញពីអង្កការសុខភាពពិភពលោក (WHO)

១៤. បញ្ជាឲ្យដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

១៥. ដាក់បញ្ជាឲ្យក្រសួងការបរទេសតាមដានប្រវត្តិរូបអ្នកចូលមកអាមេរិកឲ្យបានហ្មត់ចត់

១៦. ដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីពន្ធ​អប្បបរមា​សាជីវកម្មសកល។

ជម្រាបជូនផងដែរថា បញ្ជាប្រតិបត្តិ ឬ Executive order ជាសេចក្ដីប្រកាសពីគោលបំណងរបស់ប្រធានាធិបតី ក្នុងការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ ខណ:បញ្ជាប្រតិបត្តិទាំងនោះ អាចជាការណែនាំទៅទីភ្នាក់ងារសហព័ន្ធ ឬការស្នើសុំសម្រាប់របាយការណ៍ណាមួយផ្សេងៗ៕