លោក ត្រាំ នឹងដំឡើងពន្ធ ១០% ​លើទំនិញរបស់ប្រទេសចិន ចាប់ពីខែកុម្ភ:តទៅ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងការពិចារណាដើម្បីដាក់ពន្ធនាំចូល ១០% ទៅលើទំនិញរបស់ប្រទេសចិន ចាប់ពីដើមខែក្រោយតទៅ ពោលគឺនៅចំពេលដូចគ្នាដែលអាមេរិក នឹងត្រូវដាក់ពន្ធលើទំនិញរបស់កាណាដា និងម៉ិកស៊ិកដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ដោយបានថ្លែងប្រាប់ក្នុងកម្មវិធីមួយនៅឯសេតវិមានកាលពីថ្ងៃទី២១ ខែមករាកន្លងទៅ លោក ត្រាំ បានបញ្ជាក់ថា៖ “យើងកំពុងនិយាយអំពីការយកពន្ធ ១០% លើប្រទេសចិនដោយផ្អែកលើការពិតដែលថា ពួកគេកំពុងបញ្ជូនសារធាតុញៀនហ្វេនតានីល (fentanyl) ទៅកាន់ប្រទេសម៉ិកស៊ិកនិងកាណាដា។ ហើយផែនការពន្ធថ្មីនេះ អាចចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈខាងមុខ”។

គួរឲ្យដឹងផងដែរថា ជុំវិញការគំរាមកំហែងនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស្បថចូលកាន់តំណែងដំបូងរបស់លោក ត្រាំ ខណ:​ វិធានការពន្ធ​ថ្មីនេះ អាច​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ពោលគឺជា​កាលបរិច្ឆេទដូចគ្នា​ដែល​លោកនឹងត្រូវ​អនុវត្ត​ចំពោះ​ពន្ធ​លើ​ម៉ិកស៊ិក និងកាណាដា ជុំវិញ​បញ្ហា​អន្តោប្រវេសន៍ខុសច្បាប់ និង​លំហូរសារធាតុញៀនហ្វេនតានីល។

ទន្ទឹមនេះ លោក ត្រាំ បានមានប្រសាសន៍ទៀតថា៖ “ប្រទេសផ្សេងទៀតក៏ជាអ្នកបំពានដ៏ធំផងដែរ។ អ្នកដឹងទេថា វាមិនមែនត្រឹមតែប្រទេសចិនទេ”។ លោកបានបន្ថែមទៀតថា៖ “យើងមានឱនភាព ៣៥០ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប។ ពួកគេធ្វើបាបយើងយ៉ាងអាក្រក់ជាទីបំផុត ដូច្នេះពួកគេនឹងចូលទៅក្នុងការដកហូតពន្ធគយដូចគ្នា”។

រម្លឹកផងដែរថា ក្នុងថ្ងៃស្បថចូល​កាន់តំណែង​ លោក ត្រាំ ​បាន​ចោទប្រកាន់ប្លុកអឺរ៉ុប​ថា មិនបាននាំចូលផលិតផលអាមេរិកឲ្យ​បាន​គ្រប់គ្រាន់​នោះទេ​ ​ហើយ​លោក​នឹង​កែតម្រូវចំពោះបញ្ហានេះ​ ដោយការដាក់ពន្ធបន្ថែម ឬដោយការជំរុញឲ្យសហភាព​អឺរ៉ុប​ ទិញចូលប្រេង និងឧស្ម័នរបស់អាមេរិក​បន្ថែមទៀត៕