យោងតាមប្រភពជិតស្និទ្ធមួយបានបង្ហាញឲ្យដឹងថា ព្រះអង្គម្ចាស់ Alwaleed Bin Talal របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ Kingdom Holding (KHC) ថ្មីៗនេះ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគបន្ថែមលើ TikTok ក្នុងករណីមហាសេដ្ឋី Elon Musk ឬអ្នកផ្សេងទៀត អាចទិញយកកម្មវិធីនេះពីក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន មកគ្រប់គ្រងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
TikTok ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីកម្សាន្តដ៏ពេញនិយមបំផុតរបស់ពិភពលោក ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកបំផុតមួយ ចំពេលកំពុងមានការអំពាវនាវឲ្យលក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិក ទៅឲ្យអ្នកផ្សេងកាន់កាប់ជំនួសវិញ ដើម្បីចៀសផុតពីការបិទចោលទាំងស្រុង។
យ៉ាងណាមិញ បន្ទាប់ពីបានបិទដំណើរការនៅអាមេរិកអស់រយ:ពេលខ្លី កម្មវិធី TikTok ត្រូវបានស្តារឡើងវិញ ក្រោយបទបញ្ជាប្រតិបត្តិមួយត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដើម្បីពន្យារពេលការបិទកម្មវិធីនេះជាបណ្តោះអាសន្នរយ:ពេល ៧៥ថ្ងៃ ក្នុងគោលបំណងស្វែងរកដំណោះស្រាយបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានបញ្ជាក់បន្ថែមកាលពីថ្ងៃអង្គារកន្លងទៅផងដែរថា លោកនឹងបើកដៃឲ្យមហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk ទិញយកកម្មវិធីនេះមកគ្រប់គ្រង ប្រសិនបើនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Tesla រូបនេះ មានចំណាប់អារម្មណ៍នោះ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនវិនិយោគ KHC របស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Alwaleed Bin Talal បច្ចុប្បន្ន កំពុងមានភាគហ៊ុនមួយចំនួនរួចទៅហើយ នៅក្នុងវេទិកាបណ្តាញសង្គម X របស់លោក Musk និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបង្កើតថ្មី xAI ។ ដូច្នេះហើយមានន័យថា បើសិនលោក Musk ទិញបាន TikTok មកគ្រប់គ្រងនោះ KHC ក៏នឹងពិចារណាបោះលុយដាក់ទុនបន្ថែមទៀត ទៅលើកម្មវិធីកម្សាន្តដ៏ពេញនិយមបំផុតនេះផងដែរ៕