ពិភពលោកនឹងមានមហាសេដ្ឋីលុយទី្រលានដុល្លារ ៥នាក់ ក្នុងរយ:ពេល ១០ឆ្នាំខាងមុខ

អន្តរជាតិ

យោងតាមការព្យាករមួយដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ពិភពលោករបស់យើងនេះ នឹងមានមហាសេដ្ឋីលុយទី្រលានដុល្លារ ចំនួន ៥នាក់ជាលើដំបូង ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានមើលឃើញថាអត្រាកំណើនទ្រព្យសម្បត្តិរបស់អ្នកមានបំផុត បានកើនឡើងខ្លាំងជាងការប៉ាន់ស្មានកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានដកស្រង់របាយការណ៍ចេញពីអង្គការអន្តរជាតិ Oxfam ដែលបង្ហាញឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សខាងមុខ នឹងមានមហាសេដ្ឋីលុយទ្រីលានដុល្លារ យ៉ាងតិចបំផុត ៥ នាក់ ដែលខ្ពស់ជាងការព្យាករកាលពីឆ្នាំមុន ដែលថាបង្ហាញថា មហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងបង្អស់ នឹងមានចំនួនតែម្នាក់ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ។ ។

របាយការណ៍ខាងលើនេះបាននិយាយទៀតថា៖”ការប្រមូលផ្តុំទ្រព្យសម្បត្តិដែលកំពុងកើនឡើងនេះ ត្រូវបានកើតឡើងដោយសារតែការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីនានា កាន់តែមានឥទ្ធិពលលើឧស្សាហកម្ម និងមតិសាធារណៈ”។

គួរឲ្យដឹងផងដែរថា Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឥឡូវនេះគឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៤៩ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg ។

ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់បន្ទាប់ទៀត គឺធ្លាក់លើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ,នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ,ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison និងប្រធានក្រុមហ៊ុន LVHM លោក Bernard Arnault ។

ក្រៅពីនោះ របាយការណ៍របស់ Oxfam ក៏បានចង្អុលបង្ហាញថាទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗជុំវិញពិភពលោក បានកើនឡើងចំនួន ២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤ ឬស្មើនឹងប្រហែល ៥,៧ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ពោលគឺជាអត្រាកើនឡើងលឿនជាងឆ្នាំមុនដល់ទៅបីដង។

មិនតែប៉ុណ្ណោះ លោក Amitabh Behar នាយកប្រតិបត្តិរបស់អង្គការអន្តរជាតិ Oxfam បាននិយាយថា ៖”ការទទួលយកផលពីសេដ្ឋកិច្ចពិភពលោករបស់យើង ដោយអ្នកមានចំនួនបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយដែលមិនអាចនឹកស្មានដល់” ។ លោកបានបន្ថែមទៀតថា ការ​បរាជ័យ​ក្នុង​ការ​បញ្ឈប់​មហាសេដ្ឋីលុយពាន់លានដុល្លារ ឥឡូវ​កំពុង​បង្កើត​ឲ្យមានមហាសេដ្ឋី​លុយដល់ទៅទ្រីលានដុល្លារ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ៕ ​