រាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ព្រះអង្គចង់វិនិយោគទឹកប្រាក់ដល់ទៅ ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ បន្ទាប់ពីទទួលដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ក្រោយស្បថឡើងកាន់តំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ដោយដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំថា ៖”អារ៉ាប៊ីសាអូឌីត ចង់បោះទុន ៦០០ពាន់លានដុល្លារ ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ ហើយការចំនួនទឹកប្រាក់នេះ អាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើឱកាសមានឱកាសកាន់តែច្រើនកើតឡើង”។
ទន្ទឹមនឹងនេះ រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត បាននិយាយទៀតថា កំណែទម្រង់ដែលបានគ្រោងទុកនៃរដ្ឋបាលអាមេរិកថ្មី អាចបង្កើតវិបុលភាពផ្នែកសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ហើយអារ៉ាប៊ីសាអូឌីត ចង់ទាញយកអត្ថប្រយោជន៍ពីឱកាសវិនិយោគទាំងនេះ។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់ថាតើទឹកប្រាក់ចំនួន ៦០០ពាន់លានដុល្លារនេះ នឹងត្រូវចំណាយតាមរយ:ការវិនិយោគសាធារណៈ ឯកជន ឬមួយត្រូវបែងចែកដោយរបៀបណាផ្សេងទៀត នៅឡើយនោះទេ។
ជម្រាបជូនផងដែរថា បន្ទាប់ពីលោកចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយអំពីលទ្ធភាពនៃការជ្រើសរើសយកប្រទេសអារ៉ាប៊ីសាអូឌីតជាកន្លែងសំចតសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់ខ្លួន ពោលគឺដូចដែលលោកធ្លាប់បានធ្វើ កាលពីអាណត្តិទី១ ក្នុងឆ្នាំ២០១៧ ផងដែរ៕