ឥណ្ឌូណេស៊ី អនុម័តទឹកប្រាក់ជិត ៣ពាន់លានដុល្លារ សម្រាប់​ការ​អភិវឌ្ឍន៍រដ្ឋធានីថ្មី ដំណាក់កាលទី២

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានអនុម័តថវិកាចំនួន ៤៨,៨ទ្រីលានរូពៀ (ឬប្រហែល ២,៩៩ពាន់លានដុល្លារ) បន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មី Nusantara នៅដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រម្លឹកផងដែរថា នៅដំណាក់កាលដំបូង ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយទឹកប្រាក់វិនិយោគសរុបអស់ចំនួន ៨៩ទ្រីលានរូពៀ ដោយត្រូវបានបែងចែកពីថវិការបស់រដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទីក្រុង។

ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធររដ្ឋធានី Nusantara (OIKN)ថ្មី លោក Basuki Hadimuljono កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅ បាននិយាយថា ថវិកាសម្រាប់ការបន្តនៃការអភិវឌ្ឍន៍ក្នុងដំណាក់កាលទីពីរ នឹងត្រូវបែងចែកដើម្បីបញ្ចប់ការសាងសង់គ្រឿងបរិក្ខារគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ។

លោក Basuki បាននិយាយទៀតថា ថវិកាចំនួន ៤៨,៨ទ្រីលានរូពៀ នេះ ត្រូវការជាចាំបាច់ ដើម្បីបញ្ចប់ការសាងសង់អគារដ៏ស្មុគស្មាញសម្រាប់ស្ថាប័ននីតិបញ្ញត្តិ តុលាការ និងទីភ្នាក់ងារមួយចំនួនទៀត។ ថវិកានេះក៏រួមបញ្ចូលផងដែរនូវការចំណាយលើការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារក្នុងកំឡុងដំណើរការប្រតិបត្តិការសាងសង់អគារ។

លើសពីនេះ អាជ្ញាធររដ្ឋធានី Nusantara បាននិងកំពុងអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន (PPP) ដែលមានតម្លៃសរុបប្រមាណ ៦០,៦ទ្រីលានរូពៀ ដែលក្នុងនោះរួមមានការសាងសង់គម្រោងផ្លូវចំនួន ៦ រួមទាំងផ្លូវរូងក្រោមដីពហុបំណង (MUT) ប្រវែង ១៣៨,៦គីឡូម៉ែត្រ នៅតំបន់កណ្តាល រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងគម្រោងវិនិយោគមួយចំនួនទៀតផងដែរ៕