អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយកាលពីពេលថ្មីៗនេះថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការយកពន្ធចំពោះការបញ្ចេញឧស្ម័យកាបូន ចំនួន ២០០បាត (៥,៩ដុល្លារ) ក្នុងមួយតោននៃឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការកើនឡើងនៃកម្តៅរបស់ផែនដី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ទោះជាយ៉ាងណាក៏ដោយ លោក Paopoom បានបញ្ជាក់ថា ជុំវិញផែនការពន្ធកាបូនថ្មីនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងពន្ធប្រេងដែលមានស្រាប់ ហើយវានឹងមិនប៉ះពាល់ដល់តម្លៃលក់រាយរបស់ប្រេង និងផលិតផលប្រេងនោះទេ។
លោក Paopoom និយាយទៀតថា វិធានការនេះគឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទៃក្នុងនៃពន្ធអាករដែលគណនាតម្លៃកាបូនដែលត្រូវបង្កប់ក្នុងពន្ធប្រេង។ លោកបានបន្ថែមថា ការកំណត់តម្លៃពន្ធកាបូននឹងមិនប៉ះពាល់ដល់តម្លៃនៃវិស័យឧស្សាហកម្មទេ ហើយវាក៏នឹងមិនប៉ះពាល់ដល់តម្លៃប្រេងលក់រាយដែរ។
ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ដើម្បីជួយផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ឲ្យកាន់តែមានភាពស្និទ្ធស្នាលនឹងបរិស្ថាន និងជួយក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិដែលផ្តល់អាទិភាពដល់ផលប៉ះពាល់បរិស្ថាន។
លោក Paopoom បាននិយាយថា ប្រទេសថៃបានកំណត់គោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០ និងការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមឆ្នាំ២០៦៥ ខណៈពេលដែលឧស្សាហកម្មរថយន្ត និងប្រេង ត្រូវបានចាត់ទុកថាជាប្រភពចម្បងនៃការបំភាយឧស្ម័នកាបូនដល់ទៅ ៧០% ។
ជម្រាបជូនផងដែរថា ជុំវិញផែនការយកពន្ធកាបូននេះ នឹងត្រូវអនុវត្តលើផលិតផលសំខាន់ៗមួយចំនួន រួមមាន ប្រេងសាំង ហ្គាស ប្រេងកាត ប្រេងឥន្ធនៈយន្តហោះ ប្រេងម៉ាស៊ូត ឧស្ម័នរាវ និងប្រេងឥន្ធនៈ ជាដើម៕