សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានសម្រេចផ្អាកការផ្តល់ជំនួយបរទេសភាគច្រើនបណ្តោះអាសន្ន រួមទាំងអ៊ុយក្រែនផងដែរ លើកលែងតែការផ្តល់ជំនួយជាស្បៀងអាហារសង្គ្រោះបន្ទាន់ និងយោធាទៅកាន់ប្រទេសអ៊ីស្រាអ៊ែល និងអេហ្ស៊ីប ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោក Marco Rubio ប្រមុខការទូតថ្មីរបស់សហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងអនុស្សរណ:ផ្ទៃក្នុងមួយ នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង ដែលពាក់ព័ន្ធជាមួយនឹងគោលនយោបាយ “America First” ជុំវិញការរឹតបន្តឹងខ្លាំងបំផុតទៅលើជំនួយបរទេស។
ទន្ទឹមនឹងនេះ លោក Rubio បាននិយាយទៀតថា ៖”បច្ចុប្បន្ននេះ មិនមានមូលនិធិបន្ថែមនឹងត្រូវបានបែងចែកសម្រាប់កម្មវិធីផ្តល់មូលនិធិបរទេសថ្មី ឬផ្នែកបន្ថែមនៃកម្មវិធីដែលមានស្រាប់នោះទេ រហូតដល់សំណើនីមួយៗត្រូវបានវាយតម្លៃ និងធ្វើការអនុម័តឡើងវិញ”។
គួរឲ្យដឹងផងដែរថា ជុំវិញបទបញ្ជាថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ស្ទើរតែទាំងអស់នូវជំនួយផ្នែកយោធា និងការអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកដល់បរទេស រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំពីមុនរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។
ប៉ុន្តែយ៉ាងណាមិញ អនុស្សរណៈនេះ ក៏បានលើកលែងសម្រាប់ជំនួយបរទេសមួយចំនួន រួមទាំងជំនួយយោធាដល់អ៊ីស្រាអែល សម្រាប់ការផ្តល់ជូនសព្វាវុធសំខាន់ៗ ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង។ ទន្ទឹមនឹងនោះ អេហ្ស៊ីប ក៏នឹងទទួលបានការលើកលែងផងដែរ ដោយប្រទេសនេះ នឹងទទួលបានមូលនិធិការពារជាតិយ៉ាងច្រើនពីសហរដ្ឋអាមេរិកចាប់តាំងពីរដ្ឋាភិបាលទីក្រុង Cairo ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអ៊ែល ក្នុងឆ្នាំ១៩៧៩ មក។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយបរទេសដ៏ធំបំផុតរបស់ពិភពលោក អស់រយ:ពេលជាយូរណាស់មកហើយទាក់ទងនឹងប្រាក់ដុល្លារដែលត្រូវបានចំណាយ។ បើតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានចំណាយច្រើនជាង ៦៤ពាន់លានដុល្លារលើជំនួយអភិវឌ្ឍន៍បរទេស នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយដែលទិន្នន័យនេះត្រូវបានកត់ត្រាទុក៕