រដ្ឋអាជ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករាកន្លងទៅ បានសម្រេចចោទប្រកាន់ទៅលើប្រធានាធិបតី លោក Yoon Suk-yeol (យ៉ូន ស៊ុកយ៉ុល) ជាផ្លូវការ ពីបទដឹកនាំការបះបោរ ដោយការដាក់ចេញច្បាប់អាជ្ញាសឹករយ:ពេលខ្លី កាលពីដើមខែធ្នូកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានប្រកាសថា ពួកគេនឹងបន្តឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon ជាបណ្តោះអាសន្នសិន ដោយនឹងរង់ចាំការសម្រេចផ្សេងៗ នៅពេលក្រោយទៀត។
នេះជាលើកដំបូងមិនធ្លាប់មានដែលប្រធានាធិបតីកូរ៉េខាងត្បូង កំពុងកាន់អំណាចត្រូវបានរងការចោទប្រកាន់បែបនេះ។ ស្របពេលលោក Han Min-soo អ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចនេះ និងបាននិយាយថា ៖”ការដាក់ទណ្ឌកម្មសម្រាប់មេដឹកនាំដែលដឹកនាំការប៉ះបោរ នៅទីបំផុតបានចាប់ផ្តើមហើយ”។
គួរឲ្យដឹងថា ការបះបោរគឺជាទោសឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចលើកលែងបាន ដោយនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ឬអាចឈានដល់ការប្រហារជីវិតថែមទៀតផង បើទោះបីជាទោសប្រហារជីវិតមិនត្រូវបានអនុវត្តនៅកូរ៉េខាងត្បូងអស់រយ:ពេលជាច្រើនទសវត្សមកហើយក្តី។
ជម្រាបជូនថា ប្រធានាធិបតី លោក Yoon ដែលត្រូវបានព្យួរតំណែងចាប់តាំងពីមានការបោទប្រកាន់ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោក នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីបដិសេធការកោះហៅម្តងហើយម្តងទៀតសម្រាប់ការចូលខ្លួនផ្តល់ចម្លើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោក Yoon និងមេធាវីរបស់លោក បានប្រកែកនៅក្នុងសវនាការរបស់តុលាការធម្មនុញ្ញកាលពីសប្តាហ៍មុនថា លោកមិនដែលមានបំណងចង់ដាក់ច្បាប់អាជ្ញាសឹកពេញលេញនោះទេ ប៉ុន្តែគ្រាន់តែមើលឃើញថាវិធានការនេះជាការព្រមានដើម្បីបំបែកភាពជាប់គាំងនយោបាយប៉ុណ្ណោះ៕