ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុនដែលជាដៃគូរបស់ក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមនៅក្នុងផែនការច្របាច់បញ្ចូលគ្នាដែលត្រូវបានគ្រោងទុករវាងក្រុមហ៊ុន Nissan និង Honda Motor នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមប្រភពដែលដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារហ៊ុនដដែល ខណៈពេលដែលទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សទាំងពីរនៅតែមាន។
គួរឲ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះជាង ៦% នៅក្នុងការជួញដូរដំបូងកាលពីចុងសប្តាហ៍មុន ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ០,៧% ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះទាបជាង ០,១%។
យ៉ាងណាមិញ ជុំវិញការអភិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda កាលពីឆ្នាំមុន បានប្រកាសថាពួកគេនឹងចាប់ផ្តើមការពិភាក្សាគ្នាជាផ្លូវការ លើផែនការរួមបញ្ចូលគ្នាដែលអាចបង្កើតជាក្រុមផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោកជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៧,៤ លានគ្រឿង។
ក្រុមហ៊ុន Mitsubishi Motors ដែលមានក្រុមហ៊ុន Nissan គឺជាម្ចាស់ភាគហ៊ុនកំពូលរបស់ខ្លួន ជាមួយនឹងចំនួនភាគហ៊ុនសរុប ២៤% ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តនៅខែនេះ ថាតើគួរពិចារណាចូលរួមនៅក្នុងគម្រោងច្របាច់បញ្ចូលគ្នានេះដែរឬអត់។
ជម្រាបជូនផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Mitsubishi Motors បាននិយាយថា កន្លងមកមានរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលនិយាយថាខ្លួនមានបំណងចូលរួមក្នុងការច្របាច់បញ្ចូលគ្នាដែលក្រុមហ៊ុន Honda និង Nissan កំពុងពិចារណា ប៉ុន្តែរបាយការណ៍ទាំងនោះ មិនមែនជាការប្រកាសចេញដោយក្រុមហ៊ុនផ្ទាល់នោះឡើយ។ ក្រុមហ៊ុន Mitsubishi បានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងស្ថិតនៅក្នុងការពិចារណាលើលទ្ធភាពផ្សេងៗនៅឡើយ ហើយទិសដៅបន្ទាប់របស់ក្រុមហ៊ុន នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ៕