យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឲ្យដឹងថា ការចំណាយរបស់ពលរដ្ឋថៃ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៥ឆ្នាំចុងក្រោយ ជាមួយនឹងចំនួនទឹកប្រាក់សរុបប្រមាណ ៥១,៨ពាន់លានបាត (១,៥ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Thanavath Phonvichai ប្រធាន UTCC បាននិយាយថា តាមការស្ទង់មតិខាងលើនេះ បានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ភាគច្រើនជឿថា ការចំណាយនៅក្នុងពិធីចូលឆ្នាំចិនឆ្នាំនេះ នឹងមានភាពរឹងមាំជាងឆ្នាំមុន។
ជុំវិញកើនឡើងនេះ លោក Thanavath បានសន្មតថា ដោយសារតែមានការជួយជ្រោមជ្រែងដោយវិធានការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីចុងឆ្នាំមុន ខណ:វិធានការនេះ បានជួយបង្កើនដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ ហើយមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃទំនិញសំខាន់ៗ និងការចំណាយលើការធ្វើដំណើរ។
ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលចូលឆ្នាំចិន ត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់ ៥១,៨ពាន់លានបាត ពោលកើនឡើង ៤,៥% បើធៀបទៅនឹងឆ្នាំមុន។ ខណ:នេះក៏ជាលើកទីមួយហើយដែលការចំណាយនឹងមានការកើនឡើងលើសពីចំនួន ៥០ពាន់លានបាត គិតចាប់តាំងពីមានជំងឺរាតត្បាតមក។
យ៉ាងណាមិញ ទាក់ទងនឹងកម្រិតខ្យល់ពុល PM2.5 នៅក្នុងប្រទេស លោក Thanavath បាននិយាយថា វាទំនងជាមិនប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ថៃនោះទេ។ លោកបានបន្តថា សេដ្ឋកិច្ចថៃកំពុងស្ថិតក្នុងដំណាក់កាលស្ទុះងើបឡើងវិញ ដោយ UTCC បានព្យាករថានឹងមានអត្រាកំណើន ៣% សម្រាប់ឆ្នាំនេះ៕