ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាយ៉ាងដិតដល់ទៅលើការទិញចូលប្រេងពីរុស្ស៊ីដែលជាប្រទេសកំពុងទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់ប្រទេសលោកខាងលិច ពោលគឺចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២២ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក Bahlil Lahadalia កាលពីពេលថ្មីៗនេះ បាននិយាយថា ការចូលជាសមាជិកផ្លូវការរបស់ឥណ្ឌូណេស៊ី នៅក្នុងក្រុមប្រទេស BRICS បានបើកទូលាយនូវលទ្ធភាពនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ី ជាមួយនឹងតម្លៃទាបជាងតម្លៃស្តង់ដាររបស់ពិភពលោក។
យ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីលើប្រេងរុស្ស៊ី បានបង្កឲ្យមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងទិញចូលប្រេងនេះ អាចធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសអាស៊ីអាគ្នេយ៍ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានបង្ហើបថា ប្លុកអឺរ៉ុបមិនខ្វល់ពីកន្លែងណាដែលឥណ្ឌូណេស៊ីចង់ទិញប្រេងចូលនោះទេ បើទោះបីជាវាមកពីប្រទេសរុស្ស៊ីក៏ដោយ។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Sergei Tolchenov ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកនឹងបើកចំហជានិច្ច ចំពោះកិច្ចចរចាណាមួយលើលទ្ធភាពនៃការទិញចូលប្រេងនេះ។
ជម្រាបជូនថា ឥណ្ឌូណេស៊ីអាចផលិតបានត្រឹមតែ ៧ សែន ទៅ ៨ សែនបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃតម្រូវការសរុបរបស់ជាតិ។ ហើយជាចម្បងឥណ្ឌូណេស៊ី បាននាំចូលប្រេងភាគច្រើនពីសមាជិកប្រទេសនៃអង្គការ OPEC។
យោងតាម ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញឲ្យថា ការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ី មានចំនួនសរុបប្រហែល ៣៦,៣ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ កន្លងទៅ៕