ក្រសួងយុត្តិធម៌អាមេរិក ដកហូតតំណែងមន្ត្រីជាច្រើនរូបដែលធ្លាប់ចូលរួមស៊ើបអង្កេតប្រឆាំងលោក ត្រាំ

អន្តរជាតិ

ក្រសួង​យុត្តិធម៌​អាមេរិក ត្រូវបានគេរាយការណ៍ថា នឹង​បណ្តេញ​មន្ត្រី​របស់ខ្លួនជាច្រើននាក់ ​ដែលធ្លាប់ចូលរួមក្នុងការ​ស៊ើបអង្កេត​ទៅលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងទៅនឹងប្រធានាធាបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NRP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតបញ្ចប់តំណែងនោះ អគ្គមេធាវីស្តីទី លោក James McHenry បានសរសេរថា លោកមិនជឿឡើយថាមន្ត្រីទាំងនោះអាចទុកចិត្តទៀតបាន ក្នុងការបម្រើការងារក្រោមការដឹកនាំរបស់លោក ត្រាំ ដោយស្មោះត្រង់នោះ ដោយសារតែពួកគេធ្លាប់បានចូលរួមនៅក្នុងការកាត់ទោសប្រធានាធិបតីរូបនេះរួចទៅហើយ។

យ៉ាងណាមិញ ទោះបីជាលោក McHenry មិនបានបញ្ជាក់ថាមានមន្ត្រីប៉ុន្មាននាក់ដែលត្រូវបានបញ្ឈប់ពីការងារក៏ដោយ ប៉ុន្តែយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកជាច្រើន បានរាយការណ៍ថាមន្ត្រីមិនតិចជាង ១០ នាក់នោះទេដែលនឹងត្រូវដកហូតពីតំណែង រួមទាំងព្រះរាជអាជ្ញាអាជីពរបស់ក្រសួងយុត្តិធម៌ជាច្រើននាក់ ផងដែរ។

ទន្ទឹមនឹងនេះ គេដឹងថា ក្នុងចំណោមនោះ មន្ត្រីដែលលេចធ្លោជាងគេមួយរូប គឺរដ្ឋអាជ្ញាពិសេស Jack Smith ដែលធ្លាប់ធ្វើការនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាណត្តិមុន លោក ចូ បៃដិន។ លោក Smith ​បាន​ដាក់​ពាក្យ​បណ្តឹង​សហព័ន្ធ​ចំនួន​ពីរ​ប្រឆាំង​នឹង​លោក ត្រាំ ដោយមួយចោទប្រកាន់ពីការគ្រប់គ្រងមិនត្រឹមត្រូវនូវទិន្នន័យសម្ងាត់បន្ទាប់ពីចាកចេញពីសេតវិមាន និងមួយករណីទៀត ពាក់ព័ន្ធនឹងការសមគំនិតដើម្បីផ្លាស់ប្តូរលទ្ធផលបោះឆ្នោតឆ្នាំ២០២០។

ជម្រាបជូនផងដែរថា ការបណ្ដេញមន្ត្រីទាំងនេះចេញពីតំណែង មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះថាលោក ត្រាំ ធ្លាប់បានគំរាមតាំងពីដំបូងមកម្លេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយនិយាយថាលោកនឹងបណ្ដេញលោក Smith ចេញពីតំណែងមុនគេ រួមទាំងមន្ត្រីផ្សេងទៀតដែលបានចូលរួម ក្នុងការស៊ើបអង្កេតលើរូបលោកផងដែរ ប្រសិនបើលោកជាប់ឆ្នោតឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិថ្មី៕