យោងតាមក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមករាកន្លងទៅថា ប្រទេសឥណ្ឌា និងចិន បានព្រមព្រៀងក្នុងការបន្តសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដោយផ្ទាល់ជាមួយគ្នាឡើងវិញបន្ទាប់ពីផ្អាកអស់រយ:ពេលជិត ៥ឆ្នាំ ដោយសារជម្លោះយោធាដ៏តានតឹងបំផុត នៅតាមបណ្តោយព្រំដែនហិម៉ាឡៃ កាលពីឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏ធំមួយ រវាងមន្ត្រីការទូតកំពូលរបស់ប្រទេសឥណ្ឌា និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយលើកឡើងថាភាគីទាំងពីរនឹងធ្វើការចរចាលើក្របខ័ណ្ឌនៃការតភ្ជាប់ជើងហោះហើរដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ។
រម្លឹកផងដែរថា ភាពតានតឹងបានផ្ទុះឡើងរវាងប្រទេសទាំងពីរ បន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ ដែលក្រោយមកឥណ្ឌា បានបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាបានហាមឃាត់កម្មវិធីកម្សាន្តពេញនិយមរបស់ចិនរាប់រយ និងកាត់ផ្តាច់ជើងហោះហើរសម្រាប់អ្នកដំណើរទាំងអស់ផងដែរ ទោះបីជាការដឹកទំនិញតាមផ្លូវអាកាសដោយផ្ទាល់ នៅតែបន្តប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងវិញ ក្នុងរយៈពេល ៤ខែកន្លងមកនេះ ដោយមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើន រួមទាំងកិច្ចពិភាក្សារវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏ត្រូវបានរៀបចំធ្វើឡើង នៅប្រទេសរុស្ស៊ី កាលពីក្នុងខែតុលាកន្លងទៅផងដែរ។
ទន្ទឹមនឹងនេះ យោងតាម Reuters បានរាយការណ៍កាលពីខែមិថុនាថា រដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍របស់ចិនជាច្រើន បានស្នើសុំអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ឥណ្ឌា ឲ្យបង្កើតការតភ្ជាប់ផ្លូវអាកាសឡើងវិញ ប៉ុន្តែរដ្ឋាភិបាលទីក្រុងញូវដែលី បានបដិសេធចំពោះរឿងនេះ។ លុះដល់ខែតុលា ក្រោយពីមានកិច្ចប្រជុំរវាងមេដឹកនាំកំពូលរបស់ប្រទេសទាំងពីរមក រដ្ឋាភិបាលឥណ្ឌា បាននិយាយថាពួកគេនឹងពិចារណាលើការបើកជើងហោះហើរដោយផ្ទាល់ជាមួយចិនឡើងវិញ និងចាប់ផ្តើមការអនុម័តលើទិដ្ឋាការល្បឿនលឿន ផងដែរ៕