ថៃ គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកទំាងអស់របស់សហភាពអឺរ៉ុប នៅឆ្នាំនេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកស្រី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកទាំងអស់នៃសហភាពអឺរ៉ុប នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Paetongtarn បានលើកឡើងបែបនេះ បន្ទាប់ពីការវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីថ្ងៃសៅរ៍ ក្រោយពីបានចូលរួមនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៥ នៅទីក្រុង Davos ប្រទេសស្វីស។

យោងតាមប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមករា លោកស្រី Paetongtarn បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅខាងក្រៅកិច្ចប្រជុំវេទិកា WEF ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយអ្នកតំណាងនៃប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដំបូងដែលត្រូវបានចុះហត្ថលេខាក្នុងកំឡុងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ បន្ថែមពីលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសជាសមាជិក EFTA កិច្ចព្រមព្រៀងនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យផ្សេងទៀតដូចជា បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោកស្រី Paetongtarn បាននិយាយថា រដ្ឋាភិបាលថៃ ក៏កំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ដែលនៅសេសសល់នៅចុងឆ្នាំនេះ ដើម្បីធ្វើឲ្យអាជីវកម្មថៃអាចបង្កើតជំហរនៅក្នុងប្លុកសហភាពអឺរ៉ុបបាន៕