ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃទី២៧ ខែមករាកន្លងទៅថា ក្រុមហ៊ុន Microsoft កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីទិញយក TikTok នៅសហរដ្ឋអាមេរិក មកគ្រប់គ្រង ចំពេលអនាគតរបស់កម្មវិធីនៅក្នុងប្រទេសនេះ កំពុងប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កម្មវិធីកម្សាន្តដ៏ពេញនិយមបំផុតរបស់ពិភពលោក TikTok កំពុងប្រឈមមុខទៅនឹងច្បាប់ហាមឃាត់របស់សហរដ្ឋអាមេរិក ដោយបញ្ជាឲ្យក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន ចាំបាច់ត្រូវតែលក់កម្មវិធីនេះទៅឲ្យម្ចាស់ផ្សេង ឬមួយត្រូវបានហាមឃាត់ទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ នៅពេលត្រូវបានគេសួរនាំកាលពីល្ងាចថ្ងៃចន្ទថា តើក្រុមហ៊ុន Microsoft កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីទទួលបាន TikTok មកគ្រប់គ្រងដែរឬទេ ស្របពេលលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំនឹងនិយាយថា វាពិតមែន” ។ លោក ត្រាំ បានបន្ថែមទៀតថា “មានការចាប់អារម្មណ៍ជាច្រើននៅក្នុងការទិញយក TikTok មកគ្រប់គ្រង”។
ទន្ទឹមនឹងនេះ លោក Angelo Zino ប្រចាំនៅស្ថាប័នស្រាវជ្រាវ CFRA បាននិយាយថា ក្រុមហ៊ុន Microsoft ស្ថិតក្នុងចំណោមអ្នកទិញលេចធ្លោជាងគេ ដើម្បីបោះទុនលើការវិនិយោគនៅក្នុង TikTok ។ លោក ថែមទាំងបានបង្ហាញការជឿទៀតថា ក្រុមហ៊ុន Microsoft មានគោលបំណងដើម្បីទទួលបានការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត ទៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល។
រម្លឹកផងដែរថា ច្បាប់ហាមប្រាមវេទិកាចែករំលែកវីដេអូកម្សាន្តខ្លីដ៏ពេញនិយមនេះ ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា ជុំវិញការព្រួយបារម្ភថារដ្ឋាភិបាលចិន អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់អាមេរិក ដែលបង្កឲ្យមានភាពអសន្តិសុខជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីផ្អាកការអនុវត្តច្បាប់ហាមឃាត់កម្មវិធី TikTok មួយរយ:ពេលសិន ដើម្បីបន្តស្វែងរកដំណោះស្រាយជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង៕