DeepSeek ដែលជាក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមត្តិ (AI) ថ្មីមួយរបស់ចិន បាននិងកំពុងវាយលុកទីផ្សារសកលយ៉ាងខ្លាំង ជាមួយនឹងការចាប់ផ្តើមបញ្ចេញកម្មវិធីគំរូ AI ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន រហូតធ្វើឲ្យក្រុមហ៊ុន AI ធំៗដទៃទៀតធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនត្រឹមរយ:ពេលខ្លី។
យ៉ាងណាមិញ ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ កម្មវិធី AI របស់ DeepSeek បានក្លាយជាកម្មវិធីឥតគិតថ្លៃឈានមុខគេ ដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store របស់ iPhone គិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមករា។
មែនទែនទៅ DeepSeek ត្រូវបានបង្កើតឡើងដំបូងក្នុងអំឡុងឆ្នាំ២០២៣ ដោយលោក Liang Wenfeng ហើយកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ឈ្មោះថា DeepSeek-V3 ដែលមានល្បឿនដំណើរការនៃប្រព័ន្ធ AI ឈានមុខគេ ពោលគឺដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ផងដែរ។
គួរឲ្យដឹងដែរថា OpenAI បានចំណាយថវិកាអស់ខ្ទង់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ ChatGPT ប៉ុន្តែផ្ទុយទៅវិញ DeepSeek បានចំណាយទឹកប្រាក់អស់ប្រហែល ៦លានដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតកម្មវិធី AI របស់ខ្លួន។ យោងតាមរបាយការណ៍ធំៗជាច្រើន បានបង្ហាញឲ្យដឹងទៀតថា AI របស់ DeepSeek មានការចំណាយតិចជាង ១០ ទៅ ៥០ ដងឯណោះ បើធៀបទៅនឹងម៉ូដែលរបស់ OpenAI ក៏ដោយសារតែវា មានភាពឆ្លាតវៃខ្លាំងក្នុងការដំណើរការតែលើកិច្ចការងារណាដែលចាំបាច់ប៉ុណ្ណោះ។
ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺថា DeepSeek-V3 មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ ពោលគឺត្រូវបានដាក់ឲ្យប្រើប្រាស់បានឥតគិតថ្លៃតែម្ដង។ ជុំវិញហេតុផលនេះហើយ ទើបមនុស្សជាច្រើនកំពុងងាកទៅប្រើប្រាស់មុខងារ AI របស់ DeepSeek ជំនួសឲ្យ AI របស់ក្រុមហ៊ុនធំៗផ្សេងទៀត។
ជម្រាបជូនផងដែរថា ចាប់តាំងពីជំនួយការ AI របស់ Deekseek ផ្ទុះឡើង វាបានធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស NVIDIA ធ្លាក់ចុះភាគហ៊ុនអស់ជិត ១៨% ដែលស្មើនឹងចំនួនទឹកប្រាក់ខ្ទង់ជិត ៦០០ពាន់លានដុល្លារឯណោះ ស្របពេលតម្លៃភាគហ៊ុនរបស់ Microsoft និង Alphabet (Google) ក៏កំពុងធ្លាក់ចុះដូចគ្នា៕