ត្រឹមមួយថ្ងៃ មេធំ Nvidia របូតលុយអស់ជាង ២០ពាន់លានដុល្លារ ដោយសារ DeepSeek

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបកំពូលអាមេរិក Nvidia ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះអស់ ១៧% កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលទ្រព្យសម្បត្តិរបស់​មហាសេដ្ឋី លោក Jensen Huang របូតអស់ជាច្រើនពាន់លានដុល្លារផងដែរ ដោយសារតែក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមត្តិថ្មីរបស់ចិន DeepSeek ដែលកំពុងវាយលុកទីផ្សារសកលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតនៅត្រឹមការជួញដូរចុងក្រោយ នៅថ្ងៃទី២៧ ខែមករា ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះ មកត្រឹម ១១៨,៥ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតសម្រាប់ក្រុមហ៊ុន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។ ហើយការធ្លាក់ចុះនេះ ក៏បណ្តាលឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក របូតលុយអស់ប្រមាណ ៦០០ពាន់លានដុល្លារ ផងដែរ ដែលជាចំនួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃអាជីវកម្មរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសរុបរបស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏បានធ្លាក់ចុះអស់ ២០,១ពាន់លានដុល្លារ មកត្រឹមចំនួនសរុប ១០១ពាន់លានដុល្លារ ដែលនេះបានធ្វើឲ្យលោកធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី១៥ ក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ជម្រាបជូនផងដែរថា ចាប់តាំងពីជំនួយការ AI របស់ Deekseek ផ្ទុះឡើង ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកជាច្រើន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែអ្នកវិនិយោគមានការព្រួយបារម្ភអំពីការលេចឡើងនៃការប្រកួតប្រជែងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនចិន។ DeepSeek កាលពីពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ឈ្មោះថា DeepSeek V3 ដោយឥតគិតថ្លៃតែម្តង ខណ:កម្មវិធីនេះ ត្រូវបានគេដឹងថា មានល្បឿនដំណើរការនៃប្រព័ន្ធ AI ឈានមុខគេ ពោលគឺដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ផងដែរ៕