យោងតាមរបាយការណ៍ក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថាអាជីវកម្មរបស់ថៃ អាចនឹងរងការខាតបង់ទឹកប្រាក់រហូតដល់ទៅ ១ពាន់លានបាត (២៩,៥លានដុល្លារ) បន្ទាប់ពីប្រទេសចិន បានដាក់ចេញបម្រាមលើការននាំចូលទឹកសេរ៉ូ និងម្សៅស្ករ ពីប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ប្រទេសចិន បានផ្អាកការនាំចូលទឹកសេរ៉ូ និងម្សៅស្ករចម្រុះពីថៃ ដែលជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក កាលពីខែធ្នូ ដោយសារការព្រួយបារម្ភអំពីអនាម័យរបស់រោងចក្រ ខណ:ការដឹកជញ្ជូនត្រូវបានជាប់គាំងនៅត្រឹមកំពង់ផែចិន។
យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ Czarnikow បានឲ្យដឹងថា ប្រទេសថៃគឺជាអ្នកផ្គត់ផ្គង់ស្កររាវដ៏សំខាន់បំផុតរបស់ប្រទេសចិន កាលពីឆ្នាំមុន ខណៈពេលដែលខ្លួនបានដឹកជញ្ជូនច្រើនជាង ១,២ លានតោនទៅកាន់ប្រទេសនេះ។
លោក ថតសាផន រ៉ុងផាតាណានុន (Todsaporn Ruangpattananont) ប្រធានសមាគមផលិតផលស្ករថៃ បានបង្ហាញឲ្យថា លោកបានសរសេរលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃ ដើម្បីពន្លឿនការចរចាជាមួយអាជ្ញាធរចិន ដោយសារក្រុមហ៊ុននានា កំពុងបង់ប្រាក់ពិន័យជារៀងរាល់ថ្ងៃ ចាប់តាំងពីផលិតស្កររបស់ពួកគេត្រូវបានឃាត់ទុកនៅក្នុងកំពង់ផែចិន។
ទន្ទឹមនឹងនេះ លោក រាំងស៊ីត ហាំងរ៉ាត់ (Rangsit Hiangrat) នាយកក្រុមហ៊ុន Thai Sugar Millers Corporation បានលើកឡើងផងដែរថា រោងចក្រផលិតស្ករសថៃបានបញ្ជាក់ពីស្តង់ដារ និងនាំចេញទៅកាន់ពិភពលោក ដោយបន្ថែមថា រោងចក្រជាច្រើនផ្សេងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការត្រួតពិនិត្យលើអនាម័យបន្ថែមទៀត ផងដែរ៕